Chelsea គ្រោងដាក់សំណើ ៤៥លានផោនដើម្បីផ្ទេរកីឡាករDanis Suarez ពីក្លឹប Barcelona

ក្លឹប Chelsea អាចនឹងប្រជែងជាមួយក្លឹប AC Milan ដើម្បីចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Denis Suarez ពីក្លឹប Barcelona ក្នុងតម្លៃ៤៥លានផោននៅខែមករានេះ។

មានការអះអាងថា ក្លឹប AC Milan ត្រៀមចុះកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះក្នុងលក្ខណៈខ្ចីជើង ដោយមានជម្រើសផ្តល់កិច្ចសន្យាថ្មីនៅរដូវក្តៅផងដែរ។

ប៉ុន្តែស្របពេលក្លឹប Barcelona ត្រូវគេជឿថា ចង់បានប្រាក់ឲ្យបានមុនខែក្រោយនោះ មានព័ត៌មានថា ក្លឹប​ Chelsea ក៏កំពុងពិចារណាលើកិច្ចព្រមព្រៀងនាំយក Suarez មកកាន់ទីក្រុងឡុងដ៍ និងដើម្បីបន្ថែមជម្រើសនៅតំបន់បម្រើផងដែរ ។

ខ្សែបម្រើរូបនេះកំពុងស្វះស្វែងរកច្រកចាកចេញពីក្លឹប Barcelona បន្ទាប់ពីមានការលំបាកក្នុងការស្វែងរកឱកាសចូលក្រុមជម្រើសក្រោមការដឹកនាំរបស់លោក​ Ernesto Valverde។

Suarez បានវិលត្រឡប់មកកាន់ពហុកីឡាដ្ឋាន Nou Camp ក្រោយចាកចេញពីក្លឹប Villarreal កាលពីឆ្នាំ២០១៦ ប៉ុន្តែរហូតមកទល់ពេលនេះ បានបង្ហាញមុខត្រឹមតែ២លើកប៉ុណ្ណោះនៅរដូវកាលនេះ ហើយមិនទាន់បានបង្ហាញមុខនៅក្របខណ្ឌ La Liga នៅឡើយទេ។

កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះកំពុងស្វែងរកឱកាសលេងឲ្យបានច្រើន ហើយបើកចំហទទួលយកការផ្ទេរទៅក្របខណ្ឌ EPL ជាថ្មីទៀត បន្ទាប់ពីធ្លាប់បានចំណាយពេលពីររដូវកាលនៅក្លឹប Man City កាលពីនៅវ័យជំទង់៕

adverise with khmeread