Arsenal នឹងបើកភ្លើងខៀវឲ្យ Danny Welbeck ចាកចេញដោយឥតតម្លៃខ្លួនផ្ទេរ

ក្លឹប Arsenal គ្រោងនឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Danny Welbeck ចាកចេញដោយឥតតម្លៃខ្លួន នៅពេលកិច្ចសន្យារបស់កីឡាកររូបនេះចប់នៅរដូវក្តៅឆ្នាំក្រោយ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះចាប់ផ្តើមប្រសើរឡើងវិញពីរបួសកជើងក្រោយការវះកាត់ បន្ទាប់ពីមានបញ្ហារបួស អំឡុងពេលប្រកួតជាមួយក្រុម Sporting Lisbon កាលពីដើមខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក្លឹប​ Arsenal មិនទាន់អាចកំណត់ពេលថា តើកីឡាករវ័យ២៨ឆ្នាំរូបនេះនឹងខកខានការប្រកួតយូរប៉ន្មានទេ ប៉ុន្តែមានការបារម្ភថា កីឡាកររូបនេះនឹងខកខានរហូតដល់ចប់រដូវកាល។

បើទោះជាក្លឹប Arsenal កំពុងជួយ Welbeckឲ្យត្រឡប់ទៅរកភាពដើមវិញ ប៉ុន្តែក្លឹបគ្មានបំណងពន្យារកិច្ចសន្យាបន្ថែមនោះទេ។តាមសេចក្តីរាយការណ៍ថា គ្រូបង្វឹកលោក Unai Emery មានបំណងអនុញ្ញាតឲ្យ Welbeck និងខ្សែបម្រើ Aaron Ramsey ចាកចេញ ដើម្បីប្រមូលធនធានបង្គ្រប់សម្រាប់នាំយកកីឡាករថ្មីមកជំនួស។

ការចាកចេញរបស់ពួកគេក៏នឹងផ្តល់ឱកាសសម្រាប់កីឡាករវ័យក្មេងរបស់ក្លឹបដូចជាកីឡាករReiss Nelson ដែលបច្ចុប្បន្នលេងខ្ចីជើងនៅក្លឹប Hoffenheim នោះ ដើម្បីមានឱកាសចូលប្រឡូកនឹងក្រុមជម្រើសដំបូង៕

adverise with khmeread