ស្ថានីយ៍លក់ប្រេងឥន្ធនៈ៩កន្លែង លក់មិនគ្រប់លីត្រនិងមិនមានគុណភាព

​បន្ទាយមានជ័យ ៖ យោងតាមផេក​អគ្គនាយកដ្ឋាន​កាំកុងត្រូលបញ្ជាក់ថា មន្ត្រីអគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធន: ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ចំនួន ១០ កន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥៨ គិត​ចាប់ពី​ចំណុច​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ។

​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូលបានឱ្យដឹងថា ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ/ដេប៉ូ ទាំង ១០  ជាលទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញថា  មានស្ថានីយ/ដេប៉ូ​ចំនួន ០៧ មិនមាន​អនុលោមភាព​ផែ្ន​ក​បរិមាណនិងស្ថានីយ/ដេប៉ូ​ចំនួន ០២ មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព ហើយបើមិនរាងចាលនឹងប្រឈមុខចំពោះការព្យួរអាជ្ញាបណ្ណ។

​មន្ត្រីដដែលបន្តថា ក្នុងចំណោម​ស្ថានីយ/ដេប៉ូ ទាំង៩ ដែល​មន្ត្រី​ជំនាញ​រកឃើញ​មាន​ភាពមិន​អនុលោម មាន​ដូចខាងក្រោម៖

​១. ដេប៉ូ​តេ​លា ឃាង សឿន ស្ថិតនៅ​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ចុះ​លើក​ទី២ មាន​ភាពត្រឹមត្រូវ ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។

២. ដេប៉ូ​តេ​លា ពៅ ណា​រ៉ុង ស្ថិតនៅ​ឃុំ ចម្ការ​គ ស្រុក​ស្វាយចេក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។

៣. ដេប៉ូ​តេ​លា សារិន សុខា​រតន: ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។

៤. ដេប៉ូ​តេ​លា វី សេង​នាង ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។

៥. ដេប៉ូ​តេ​លា ឈិន ផល្លា ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។ 

៦. ដេប៉ូ​តេ​លា ឈាន ធាន​អ៊ី​ក ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ 

៧. ដេប៉ូ LHR ស្ថិតនៅ​ឃុំ​គំរូ ស្រុក​ថ្មពួក ចុះ​លើក​ទី១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ។

៨. ដេប៉ូ​តេ​លា វីរ: ស្រី​ធឿ​ត ស្ថិតនៅ​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ចុះ​លើក​ទី១ មាន​ភាពមិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ។

៩. ដេប៉ូ​តេ​លា ប៉ក់ ម៉ាប់ ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី១ មាន​ភាពមិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ។

មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ/ដេប៉ូ ចំនួន ០៨ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​លើក​ទីមួយ។ ចំណែក​ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នឹង​តាក់តែង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ព្រោះ​ដេប៉ូ​នេះ បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី២ហើយ។ចំពោះ​តម្លៃ​លក់រាយ ស្ថានីយ/ដេប៉ូ ទាំង១០ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម។

មន្ត្រីដដែលបន្តទៀតថា ក្នុងករណី​មន្ត្រី​ជំនាញ​រកឃើញ​កំហុស​លើក​ទី១ រួមមាន​កម្រិត​លំអៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ/ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ។

ទន្ទឹមនេះ នឹងមាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ/ដេប៉ូ​ប្រេងឥន្ធន:ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេងៗទៀត។ ក្នុងករណី​ស្ថានីយ/ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ធ្វើ​ការព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread