adverise with khmeread B5271b11 d099 473b b334 b27ea3f8c6de

មុខសញ្ញាចាស់ចាប់មិនទាន់បានផង ឥឡូវបាញ់​​សម្លាប់​ប្លន់​យក​ម៉ូតូមួយទៀត

     ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវ​ពួកចោរប្លន់​បាញ់​សម្លាប់ ប្លន់​យក​ម៉ូតូ មួួ​យ​គ្រឿង​យក​ទៅ​បាត់​​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ខណ:មុខសញ្ញាចាស់ប្លន់បាញ់សម្លាប់កាលពីថ្ងៃទី៩ធ្នូឆ្នាំ ២០១៥សមត្ថកិច្ចចាប់មិនទាន់បាន។
    ប្រភព​ព័ត៌មានជំហានដំបូង​បាន​ឲ្យដឹង​ថា ជន​រង​គ្រោះឈ្មោះ រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។
     ប្រភព​បន្តថា ដំបូងគេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​បម្រុង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​វិញ (​ពៅ ប៊ី​យូ​ធី​ សាឡន) ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បាន​មក​ដល់ ហើយ​ក៏​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ក៏​មានការ​ប្រតាយប្រតប់​គ្នា ។ពេលនោះ​ជនសង្ស័យ​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។
    ក្រោយ​ពេល​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង​ទើប​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ និង​ធ្វើការ​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ស្វែងរក​គ្រួសារ​ជន​រង​គ្រោះឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រម​ទាំង​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​សង្ស័យ​ ។
     ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងដែលចោរប្លន់នេះ មានទូ​ហ្គ្រេមបាញ់ត្រី ហាងកាហ្វបម្រើសេវាផ្លូវភេទ និង មានហាងផឹកស៊ីបម្រើសេវាផ្លូវភេទទៀតផង ។ប៉ុន្តែពុំឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបម្ដងណាឡើយដោយទុកឲ្យមានរបរប្រភេទទាំងអស់នេះបង្កភាពរញ៉េរញ៉ៃនៅក្នុងសង្គមបន្តទៀត ។
     គួររំលឹកថា កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥កន្លងទៅនេះ នៅចំណុចផ្លូវ៥២៨ កែង៦៧៥ ក្រុម៥៥ភូមិ១៤ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកមានអំពើបាញ់សម្លាប់ប្លន់ដ៏ឃោរឃៅម្តង ហើយមុខសញ្ញាប្លន់មកទល់ពេលនេះសមត្ថកិច្ចចាប់មិនទាន់បាននៅឡើយ។
     ជនរងគ្រោះឈ្មោះ ធាន កាបុណ្យភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ផ្លូវលេខ៥១៦ ក្រុម៣០ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវពួកចោរ​បាញ់ចំក្រោមដោះស្តាំធ្លាយស្លាប់ក្រោយពេបញជូនដល់ពេទ្យកាល់ម៉ែត។
     ដំបូងក្រុមជនរងគ្រោះ៥នាក់ទើបតែចេញពីក្លឹប ដោយជិះម៉ូតូពីរគ្រឿងមានម៉ូតូ និចមួយគ្រឿងនិងម៉ូតូឌ្រីមសង់សេរីឆ្នាំ២០០៦តែបិទតែម២០១៣មួយគ្រឿង ។ពេលដែលជិះបណ្ដើរគ្នាមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមធ្វើសកម្មភាពបាញ់ទៅលើជនរង គ្រោះចំនួនមួយគ្រាប់បណ្ដាលឲ្យដួល។ពេលឃើញដូច្នេះមិត្តភក្តបាននាំគ្នារត់ចេញ ពីម៉ូតូ ហុងដា(មិនចាំស្លាកលេខ)ហើយពួកចោរយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់តែម្តង។
    ក្រោយកើតហេតុពួកគេបានទំនាក់ទំនងទៅសមត្ថកិច្ចនិងហៅរថយន្ដសង្គ្រោះដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះ តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

adverise with khmeread

មតិយោបល់