adverise with khmeread 3541f5f3 b3a0 4693 b876 af0f3b8619c6

អាវុធហត្ថចាប់បានជនសង្ស័យពាក់ព័ន្ធអំពើប្លន់ បាញ់សម្លាប់យុវជនម្នាក់

      ភ្នំពេញ ៖ ក្រោយពីមានអំពើប្លន់ប្រដាប់អាវុធបាញ់សម្លាប់យុវជនម្នាក់នៅខណ្ឌទួល​គោក​រួចមក​នោះ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការចុះក្រសោបចាប់បានជនសង្ស័យ​២នាក់ ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ​។
      ប្រតិបត្តិការចាប់ខ្លួនបានជនសង្ស័យនេះ គឺក្រោយពីកើតហេតុរយ:ពេលប្រហែលជា៤ម៉ោងតែប៉ុណ្ណោះ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានម៉ូតូជនរងគ្រោះបានមកវិញដែលមានម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR-0063 និងម៉ូតូ១គ្រឿងទៀតជាមធ្យោបាយរបស់ជនល្មើសធ្វើសកម្មភាពមានម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ1EH-7905 នៅក្នុងទឹកដីខណ្ឌឫស្សីកែវខណ:ពេលពួកចោររត់គេចខ្លួន។
    សេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា ខណ:សមត្ថកិច្ចចាប់ជនសង្ស័យ ២នាក់នេះបានហើយ គឺកម្លាំងសមត្ថកិច្ចកំពុងតាមតាមប្រម៉ាញ់យ៉ាងប្រកិតដើម្បីចាប់ជនសង្ស័យជាបក្ខពួកបន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងរាជធានីភ្នំពេញ។​​​​​​​​
    គួររំលឹកថា យុវជនម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម បន្ទាប់ពីក្រុមចោរបានប្រើកាំភ្លើងខ្លីបាញ់ សំដៅចំក្បាល១គ្រាប់ដើម្បីប្លន់យកម៉ូតូបានសម្រេច កាលពីវេលា៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅមុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡន តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។​​​​​
     ជន​រង​គ្រោះ​ឈ្មោះ​ឌិន​ តា​រ៉ា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ ​ ស្នាក់​នៅផ្ទះ​លេខ​២២B​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CR-0063​ ត្រូវ​ក្រុម​ចោរប្លន់​បាន​សម្រេច​ ។​
     ប្រភព​បាន​ឲ្យ​ដឹង​ថា ដំបូងគេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯងចេញពីកន្លែងធ្វើការ​បម្រុង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បាន​មក​ដល់ ហើយ​ក៏​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ក៏​មានការ​ប្រតាយប្រតប់​គ្នា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។
     ក្រោយពីធ្វើសកម្មភាព បាញ់សម្លាប់ជនរងគ្រោះរួចមក ក្រុមចោរប្លន់បាននាំគ្នាគេចខ្លួនបាត់ដោយយក ទាំងម៉ូតូជនរងគ្រោះបានសម្រេចផងដែរ ។ ទើបមកទល់ពេលនេះអាវុធហត្ថក្រុងបានចាប់ខ្លួនជនសង្ស័យ ២នាក់និងដកហូតម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿងជារបស់ជនរងគ្រោះ ៕

adverise with khmeread

មតិយោបល់