មូលហេតុដែលហុងកុងតូចសោះ តែសម្បូរមហាសេដ្ឋីលុយពាន់លានរស់នៅ

ទីក្រុងហុងកុងជាកន្លែងទាក់ទាញជាយូរយារណាស់មកហើយសម្រាប់អ្នកមានទ្រព្យស្តុកស្តម្ភ។ ភាគច្រើនបំផុតគឺដោយសារតែទីក្រុងហុងកុងនៅតែត្រូវបានគេចាត់ទុកថាជាផ្លូវចូលទៅកាន់ប្រទេសចិន។ វាជាទីក្រុងដ៏ពេញនិយមបំផុតរបស់ចិនដីគោកសម្រាប់អាជីវកម្មអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់បំផុតរបស់អាស៊ី និងនៅតែត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ល្អបំផុតសម្រាប់ការភ្ជាប់បណ្តាញ ការធ្វើជំនួញនិងសម្រាប់ឱកាសចូលទៅកាន់ទីផ្សារចិនដីគោកដ៏ធំសម្បើម។

ទីក្រុងហុងកុងក៏មានប្រជាប្រិយភាពផងដែរជាមួយនឹងការចាប់ផ្តើមបើកក្រុមហ៊ុនថ្មីនិងម្ចាស់អាជីវកម្មថ្មីៗ ពីព្រោះវាមានភាពងាយស្រួលនិងចំណាយតិចក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងទីក្រុងនេះ។ ក្នុងនាមជាជនបរទេស អ្នកអាចកាន់កាប់អាជីវកម្ម ១០០% របស់អ្នក ដោយមិនតម្រូវទាល់តែជាអ្នកក្នុងស្រុកឬកាន់សញ្ជាតិជាក់លាក់ណាមួយនោះឡើយ។ ក្រៅពីនេះហុងកុងបានរក្សាជំហររបស់ខ្លួនជាសេដ្ឋកិច្ចសេរីបំផុតរបស់ពិភពលោកអស់រយៈពេលពីរទសវត្សរ៍មកហើយ និងត្រូវបានចាត់ទុកជាកន្លែងមួយដែលមានអំពើពុករលួយតិចតួចបំផុតមួយនៅលើពិភពលោក ដូច្នេះហើយគេមិនពិបាកយល់ទេថាហេតុអ្វីបានជាហុងកុងជាកន្លែងទាក់ទាញសុទ្ធតែអ្នកមានទ្រព្យស្តុកស្តម្ភមករស់នៅ និង ធ្វើអាជីវកម្ម។

ជាមួយចិនដីគោកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើលោកស្ថិតនៅមាត់ទ្វាររបស់ខ្លួន ហុងកុងនៅតែបន្តទទួលបានផលប្រយោជន៍ពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទុនជាមួយចិន។ ខណៈដែលទីក្រុងនេះបង្កើនកិច្ចសហប្រតិបត្តិការនិងការចាប់ដៃគូជាមួយចិនដីគោកតាមរយៈផែនការនានាដូចជាផែនការ Greater Bay Area ដែលនឹងធ្វើសមាហរណកម្មទីក្រុងហុងកុងជាមួយទីក្រុងចិនដីគោកចំនួន៩ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនិងការច្នៃប្រឌិតថ្មីនោះ ចំនួនមហាសេដ្ឋីទំនងជានឹងបន្តកើនឡើងទៀត។

ដោយហេតុថាទីក្រុងហុងកុងជាទីផ្សារអចលនទ្រព្យថ្លៃជាងគេបំផុតនៅលើពិភពលោក គេគ្មានអ្វីភ្ញាក់ផ្អើលទេដែលអ្នកមានបំផុតរបស់ទីក្រុងនេះបានកើបលុយកប់ពពកចេញពីអចលនទ្រព្យ។ មហាសេដ្ឋីផុតលេខរបស់ហុងកុងគឺមហាសេដ្ឋីអចលនទ្រព្យ Li Ka-shing ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិ ២៨ ពាន់លានផោន (៣៥,៤៣ ពាន់លានដុល្លារ)។ សរុបមក ហុងកុងមានមហាសេដ្ឋីពាន់លានដុល្លារចំនួន ៩៣ នាក់ និងជាទីកន្លែងនៃគ្រួសារអ្នកមានបំផុតទាំង ៥០ របស់អាស៊ី។ ទន្ទឹមនឹងនេះដែរ កាលពីឆ្នាំមុន អ្នកមានបំផុត ៥០ នាក់របស់ហុងកុងមានទ្រព្យសម្បត្តិសរុបរួមគ្នាគឺ ២៣៥ ពាន់លានផោន (២៩៨ ពាន់លានដុល្លារ)៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត