រឿងមិនគួរកើត, វាយគ្នាផ្អើលពេញរោងការរបួសភ្ញៀវខាងប្រុស២នាក់កំពុងកើតប្តឹងផ្តល់

ពោធិ៍សាត់​ ៖​ មានករណីភ្ញៀវខាងកូនកម្លោះចំនួន៧នាក់ព្រួតគ្នា វាយភ្ញៀវខាងកូនក្រមុំ៦នាក់ ផ្អើលពេញរោងការ តែមិនបណ្តាលឱ្យរងរបួសភ្ញៀវខាងកូនក្រមុំទេ បែរជាទៅរងរបួសភ្ញៀវខាងកូនកម្លោះ ២នាក់ទៅវិញ កំពុងកើតរឿងប្តឹងផ្តល់គ្នារហូតដល់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨​។ 

​ហេតុការណ៍មិនគួរកើតមានខាងលើនេះ​ បង្កឡើងដោយភាគីខាងកូនកម្លោះឱ្យអ្នករត់តុយកស្រាជូនភ្ញៀវខាងកូនកម្លោះផឹកមិនទាន់ ក៏បង្កឱ្យមានអំពើហិង្សាកើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចឃ្លាំងពោត ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារទាំងពីរ បានរៀបចំមង្គលការកូនរបស់ខ្លួននៅចំណុចខាងលើ។ ខណៈដល់ម៉ោងទទួលភ្ញៀវទាំងសងខាង បានបរិភោគអាហារដើម្បីអបអរសាទរក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ 

​លុះដល់ភ្ញៀវខាងប្រុស អស់ស្រាផឹកដែលអ្នករត់តុបម្រើមិនទាន់ ភ្ញៀវខាងប្រុសមួយក្រុមមានគ្នា០៧នាក់ បានបបួលគ្នាទិញស្រា ពីខាងក្រៅមកផឹកបន្តទៀត។ ប៉ុន្តែសាច់ញាតិខាងស្រី មិនព្រមឱ្យទិញ ព្រោះស្រានៅក្នុងពិធីមិនអស់នៅឡើយ។ ពេលនោះក៏ឮសម្តីនិយាយពីភ្ញៀវខាងប្រុសថា «ពួកស្រុកស្រែបានតែវ៉ៃសម្លាប់ចោល»។ ភ្លាមៗនោះហិង្សាផ្ទុះឡើងវាយតប់គ្នាផ្អើលពេញរោងការតែម្តង បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលពីរនាក់។

​ភ្លាមៗនោះ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោងបានចុះជួយអន្តរាគមន៍​ ហើយបញ្ជាក់ថា  ជនរងគ្រោះ ទី១-ឈ្មោះ ម៉ន ម៉ាន់ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសធ្ងន់ និងទី២-ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន របួសស្រាល។ 

​ប៉ូលិសបន្តថា ចំពោះករណីរឿងនេះ ភាគីខាងស្រី បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៨ធ្នូ២០១៨ ដើម្បីរកយុត្តិធម៌ជូនភាគីខាងស្រី។ តែសមត្ថកិច្ចពុំទាន់មានដំណោះស្រាយនៅឡើយ​ ព្រោះកំពុងធ្វើការស្រាវជ្រាវដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab