ជិះម៉ូតូដើរអញ្ជើញភ្ញៀវចូលរោងការខាងមុខ ចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគូដណ្តឹង

​ភ្នំពេញ ៖ យុវជនម្នាក់ជិតចូលរោងការ តែចៃន្យជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ចោលគូដណ្តឹង កាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ២១៧ ជិតស្ពានដែកចំការដូង ក្នុងភូមិឫស្សីទី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ(សព)ឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូល្បុកតោ និងមានមុខរបរមួយទៀត បោះពុម្ពអាល់ប៊ុម ដាក់រូបថត ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើត នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ( មានគូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ )។ ចំណែកអ្នករងរបួសស្រាលឈ្មោះ ស៊ី វីត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការជាមួយគ្នា។ អ្នកទាំង២ ធ្វើដំណើរដោយ ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GN-7388។

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងជនរងគ្រោះ(អ្នកស្លាប់) បើកម៉ូតូដឹកមិត្តភក្តិម្នាក់ទៀតនៅពីក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយរ៉ឺម៉ក  បណ្ដាលឱ្យដួលម៉ូតូ។ 

​ស្របពេលនោះក៏មានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយ បានកិនចំក្បាលជនរងគ្រោះ បណ្ដាលឱ្យស្លាប់តែម្តង រីឯមិត្តភក្តិអង្គុយក្រោយសន្លប់មួយសន្ទុះរងរបួសស្រាល។ បន្ទាប់ កើតហេតុភ្លាមៗ រថយន្តបង្ក និងរ៉ឺម៉កបានព្យាយាមបើកគេចខ្លួន បាត់អស់ពីកន្លែងហេតុ។ 

​តាមសម្តីមិត្តភក្តិដែលជិះខាងក្រោយ បានឱ្យដឹងថា ពួកគាត់ទាំង២នាក់បានដើរប្រាប់ការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ  ហើយក៏នាំគ្នាចូលហាងផឹកស៊ីមួយកន្លែងជិតផ្សារស្ទឹងមានជ័យ រួចហើយក៏ចេញពីហាង ក្នុងគោលបំណងទៅកន្លែងស្នាក់នៅ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះឡើង។ 

​សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយធ្វើកំណត់ហេតុ ប្រគល់សពឱ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ សមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក រង់ចាំប្រគល់ជូនសាច់ញាតិ បងប្អូននៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab