E86b5bb9 8096 4377 9aa0 8eeb78a19d00

អាវុធហត្ថក្រសោបចាប់បានជនសង្ស័យ៤នាក់ បាញ់ស្លាប់២នាក់ពាក់ព័ន្ធអំពើប្លន់សម្លាប់យុវជនម្នាក់ នៅខណ្ឌទួលគោក​

     ភ្នំពេញ ៖ ​ក្រោយពីមានអំពើប្លន់ប្រដាប់អាវុធបាញ់សម្លាប់យុវជនម្នាក់នៅខណ្ឌទួលគោករួចមក​នោះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចុះក្រសោបចាប់បានជនសង្ស័យចំនួន​៤​នាក់ (ស្រី២នាក់)ជាបន្តបន្ទាប់ ខណៈ២នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយសារ​តដៃ​ជាមួយសមត្ថកិច្ចនៅម្តុំភ្នំប្រសិទ្ធ​។
    ជន​រង​គ្រោះ​ក្នុងអំពើប្លន់ឈ្មោះ​ឌិន​ តា​រ៉ា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ ​ ស្នាក់​នៅផ្ទះ​លេខ​២២B​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CR-0063​ ត្រូវ​ក្រុម​ចោរប្លន់​បាន​សម្រេច​ ។​
    ឌិន តារារិទ្ធិបានស្លាប់នៅក្នុងថ្លុកឈាម បន្ទាប់ពីក្រុមចោរបានប្រើកាំភ្លើងខ្លីបាញ់ សំដៅចំក្បាល១គ្រាប់ដើម្បីប្លន់យកម៉ូតូបានសម្រេច កាលពីវេលា៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅមុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡន តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។
    តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ចប់ប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធ គិត ត្រឹមវេលាថ្ងៃត្រង់ថ្ងៃនេះ ដោយចាប់បានជនសង្ស័យ២នាក់បន្ថែមទៀត ខណៈ២នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយសារតដៃជាមួយសមត្ថកិច្ច នៅចំណុចបឹងតាមោក ខណ្ឌព្រែកព្នៅ ។
     ប្រតិបត្តិការចាប់ខ្លួនបានជនសង្ស័យនេះ គឺក្រោយពីកើតហេតុរយ:ពេលប្រហែលជា៤ម៉ោងតែប៉ុណ្ណោះ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានម៉ូតូជនរងគ្រោះបានមកវិញដែលមានម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR-0063 និងម៉ូតូ១គ្រឿងទៀតជាមធ្យោបាយរបស់ជនល្មើសធ្វើសកម្មភាពមានម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ1EH-7905 ។
    ពាក់ព័ន្ធនឹងស្លាកលេខម៉ូតូមួយទៀតគឺលេខកំពត1A-1665 ដែលម្ចាស់វាត្រូវក្រុមចោរប្លន់ខាងលើដដែលបាញ់សម្លាប់យកម៉ូតូកាលពីម៉ោង២និង៤០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥កន្លងទៅនេះ នៅចំណុចផ្លូវ៥២៨ កែង៦៧៥ ក្រុម៥៥ភូមិ១៤ ស្ថិតក្នុងសង្កាត់បឹងកក់១។ជនរងគ្រោះឈ្មោះ ធាន កាបុណ្យភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ផ្លូវលេខ៥១៦ ក្រុម៣០ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវពួកចោរបាញ់ចំក្រោមដោះស្តាំធ្លាយស្លាប់ក្រោយពេលបញ្ជូនដល់ពេទ្យកាល់ម៉ែត។​​​​​
    សេចក្តីរាយការណ៍បានបន្តថា ខណ:សមត្ថកិច្ចចាប់ជនសង្ស័យ ២នាក់នេះបានហើយ គឺកម្លាំងសមត្ថកិច្ចកំពុងតាមតាមប្រម៉ាញ់យ៉ាងប្រកិតដើម្បីចាប់ជនសង្ស័យជាបក្ខពួក២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួនទៅជាយក្នុងរាជធានីភ្នំពេញក្នុងខណ្ឌព្នែកព្នៅ ។
     ប្រភព​បាន​ឲ្យ​ដឹង​ថា ដំបូងគេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯងចេញពីកន្លែងធ្វើការ​បម្រុង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បាន​មក​ដល់ ហើយ​ក៏​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ក៏​មានការ​ប្រតាយប្រតប់​គ្នា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។
     ក្រោយពីធ្វើសកម្មភាព បាញ់សម្លាប់ជនរងគ្រោះរួចមក ក្រុមចោរប្លន់បាននាំគ្នាគេចខ្លួនបាត់ដោយយក ទាំងម៉ូតូជនរងគ្រោះបានសម្រេចផងដែរ ។ ទើបមកទល់ពេលនេះអាវុធហត្ថក្រុងបានចាប់ខ្លួនជនសង្ស័យ៤នាក់(ស្រី២នាក់)និងដកហូតម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿងជារបស់ជនរងគ្រោះ ។ទោះបីយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ រហូតមកទល់រសៀលថ្ងៃដដែលនេះ ៕

មតិយោបល់