adverise with khmeread 0

អ្នក​គួរតែ​ផ្ញើ​ការទុកចិត្ត​លើ​អ្នកជំនាញ​នៅពេល​និយាយ​ដល់​រឿង​ទាំង ៥ នេះ​!

    ​មានរឿង​ខ្លះ​អ្នក​អាច​ធ្វើបាន​ដោយ​មិនចាំបាច់​មាន​ជំនាញ​ទេ ប៉ុន្តែ​មានរឿង​ខ្លះ​ដែល​អ្នក​គ្មាន​ជំនាញ​សោះ​គួរតែ​ទុក​ឲ្យ​អ្នកជំនាញ​ធ្វើ​ប្រសើរ​ជាង ទោះ​ក្នុង​ហេតុផល​ណាក៏ដោយ​។ ខាងក្រោម​នេះ​គឺជា​បញ្ជីរាយនាម​រឿង​មួយចំនួន ដែល​អាច​នឹងធ្វើ​ឲ្យ​អ្នក​បាក់មុខ ប្រសិនបើ​មិន​ទុក​ឲ្យ​អ្នកជំនាញ​ចាត់ចែង​។

​    ​១- ការបង្កើត​វេ​ប​សាយ​
​    ​ការរៀន​ពី​របៀប​រចនា​វេ​ប​សាយ​បន្តិចបន្តួច​គឺ​មិនមែនជា​រឿង​ពិបាក​ទេ ហើយ​ជាការ​ពិត​វា​ក៏មាន​សារៈប្រយោជន៍​ណាស់ដែរ ប្រសិនបើ​ដឹងថា​អ្វីៗ​វា​ប្រព្រឹត្តទៅ​បែបណា​នៅលើ​កិច្ចការ​អ៊ី​ន​ធឺ​ណេ​ត ទោះ​ចេះ​ក្នុង​កម្រិត​មូលដ្ឋាន​ក៏ដោយ​។ ក៏ប៉ុន្តែ កិច្ចការ​សំខាន់ៗ​ក្នុង​ជំនាញ​នេះ​ដូចជា​បង្កើត​វេ​ប​សាយ​ស្តង់ដារ​ផ្ទាល់ខ្លួន​របស់​អ្នក​ជាដើម គឺ​តម្រូវ​ឲ្យ​មានចំណេះដឹង ការបណ្តុះបណ្តាល និង​បទពិសោធន៍​ច្បាស់លាស់​។  ការព្យាយាម​បង្កើត​វេ​ប​សាយ​ផ្ទាល់ខ្លួន​បន្ទាប់ពី​រៀន​ចេះ​មូលដ្ឋានគ្រឹះ​បន្តិចបន្តួច​គឺ​មិន​ខុស​អី​ពី​ការដែល​ជឿថា​អ្នក​អាច​សង់ផ្ទះ​បាន​នោះទេ បន្ទាប់ពី​ដឹង​ពី​របៀប​រៀប​ជើងតាង​។ តើ​អ្នក​ដឹងថា​ត្រូវធ្វើ​តេស្ត​វា​របៀប​ម៉េច​ទេ​? តើ​អ្នក​ធ្លាប់​ឭ​វិធីសាស្ត្រ Agile ដែរឬទេ​? តើ​អ្នក​ដឹងថា​ឧបករណ៍​ណា​គេ​យកមកប្រើ​ប្រាស់​ក្នុង​ផ្នែក IT បច្ចុប្បន្ន​ទេ​? បើ​មិនដឹង តើ​អ្នក​អាច​លៃលក​ពេល​រៀន​វា​ពេញ​ម៉ោង​បាន​ដែរឬទេ​?  

​    ​២- ការកែលម្អ​ផ្ទះ និង​ការ​រចនា​ម៉ូដ​ខាងក្នុង​
​    ​អ្នកខ្លះ​មាន​ប្រឌិត​ញាណ​ពី​កំណើត​ផ្នែក​រចនាបទ និង​ការតុបតែង អ្នក​ខ្លះទៀត​ពុំមាន​នោះទេ​។ ប៉ុន្តែ​ទោះបីជា​អ្នក​ស្ថិត​ក្នុងចំណោម​មនុស្ស​មួយចំនួន​ដែលមាន​ប្រឌិត​ញាណ​ពី​កំណើត​មួយចំនួន​តូច​ទាំងនោះ​ក្តី ក៏​វា​មិន​បានន័យថា​លោកអ្នក​ពូកែ​ខាង​ហ្នឹង​ដោយ​ស្វ័យប្រវត្តិ​នោះដែរ​។ ទីមួយ ប្រឌិត​ញាណ​ចាំបាច់​ត្រូវតែមាន​ការបណ្តុះបណ្តាល​ទើប​អាច​ប្រើ​ការកើត​។ ទី​ពីរ អ្នក​រចនា​ម៉ូដ​ខាងក្នុង​ដ៏​ជំនាញ​ដឹង​ពី​ការងារ​បច្ចេកទេស​ជាច្រើន ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់​។ ពួកគេ​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​ពណ៌​ស៊ីគ្នា របៀប​ដែល​ពន្លឺ​ជះឥទ្ធិពល​ដល់​ទេសភាព​ខាងក្នុង​ផ្ទះ ព្រមទាំង​របៀប​ធ្វើ​នេះ​ធ្វើ​នោះ​ជាច្រើន​ទៀត​។ ទី​បី ប្រសិនបើ​អ្នក​គ្មាន​បទពិសោធន៍​ក្នុងការ​ជួសជុលផ្ទះ​ទេ ដូច្នេះ​កុំ​ធ្វើ​អ្វី​ឲ្យ​សោះ​ល្អ​ជាង បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ខ្លាំង​លើស​ដើម​។

​    ​៣- ការថែទាំ​រថយន្ត​
​    ​នេះ​គឺជា​ជំនាញ​មួយទៀត ដែលមាន​គ្រោះថ្នាក់​ក្នុងការ​ប្រថុយប្រថាន​ណាស់ ប្រសិនបើ​អ្នក​មិនដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី ហើយ​ក្នុងករណីនេះ អ្នក​នឹងមិន​ត្រឹមតែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក​ទៀតផង​។ ជាការ​ពិត ប្រសិនបើ​អ្នក​ចូលចិត្ត​ជួសជុល​រថយន្ត​របស់​អ្នក អ្នក​អាចធ្វើ​វា​បាន មិនជា​បញ្ហា​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកចេះ​ស្ទើរ​ទេ ហើយ​សម្រេចចិត្ត​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង នោះ​លោកអ្នក​មានឱកាស​ខ្ពស់​ណាស់​ក្នុង​ការជួប​បញ្ហា​មួយចំនួន​។ អ្នក​គួរតែ​រក​កន្លែង​ជួសជុល​ត្រឹមត្រូវ​ណាមួយ រួច​ឧស្សាហ៍​ទៅ​កន្លែង​នោះ​ជាប្រចាំ​។

​    ​៤- បញ្ហា​សុខភាព​
​    ​តាម​ទ្រឹស្តី យើងទាំងអស់គ្នា​សុទ្ធតែ​បានដឹងថា សុខភាព​របស់​យើង​មិនមែនជា​រឿង​លេងសើច​បាន​នោះទេ ហើយ​វា​ជា​រឿង​ដែល​ទាមទារ​អ្នកជំនាញ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។ លោកអ្នក​មិនអាច​ចេះតែ​លេបថ្នាំ​តាម​ដែល​គេ​ប្រាប់តៗ​គ្នា​បាន​នោះទេ និង​ជាពិសេស​មិនត្រូវ​ធ្វើ​តេស​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​តាម​ការនឹកឃើញ​នោះទេ​។ តើ​អាយុជីវិត​របស់​អ្នក​សក្តិសម​យកមក​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ណាស់​មែន​ទេ​?

​    ​៥- ហិរញ្ញវត្ថុ​
​    ​លុយ​តែងតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​មនុស្ស​ភាគច្រើន​នៅតែ​ដឹង​តិចតួច​ពី​របៀប​ដែល​លុយ​ធ្វើ​ការឱ្យ​មនុស្ស និង​មិនដឹងថា​ត្រូវធ្វើ​អ្វី​ជាមួយ​លុយ​នោះទេ​។ ហើយ​ការរៀនសូត្រ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​មិនមែនជា​ជម្រើស​សម្រាប់​គ្រប់គ្នា​នោះដែរ​។ ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ទាមទារ​ឲ្យ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់​។ ហេតុ​ដូចនេះហើយ វា​ជា​រឿង​ប្រពៃ​បំផុត ដែល​ត្រូវ​ស្វែងរក​ជំនួយការ​ផ្នែក​ហិរញ្ញវត្ថុ​មួយរូប​នៅក្បែរ​ខ្លួន​នៅពេល​សម្រេចចិត្ត​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ដូចជា​ការវិនិយោគ​ជាដើម ដើម្បី​បញ្ចៀស​ការខាតបង់ ឬ​ការប៉ះពាល់​ដល់​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​យើង​។​


   
​    ​ជាការ​ពិត មានរឿង​ច្រើន​ទៀត​ដែល​អ្នក​គួរតែ​ទុក​ឲ្យ​អ្នកជំនាញ​ចាត់ចែង ប៉ុន្តែ​កំហុស​ក្នុងករណី​ទាំង ៥ នេះ​គឺ​ស្ថិតក្នុង​ចំណោម​កំហុស​គ្រោះថ្នាក់​ជាងគេ​បំផុត​ដែល​មនុស្ស​ឧស្សាហ៍​ប្រព្រឹត្ត​បំផុត​។ ដូច្នេះ​ប្រសិនបើ​អ្នក​ពុំ​ដឹង​អ្វី​ច្បាស់លាស់​ទេ សូមកុំ​ខ្មាស់អៀន​ក្នុងការ​ស្នើសុំ​អ្នកជំនាញ​ឲ្យ​គេ​ជួយ​!៕

 

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់