ទាំងនេះជាមូលហេតុដែលមនុស្សនិយាយត្រង់ៗមិនចេះក្រែងចិត្តគេឯង ជាមិត្តល្អបំផុតរបស់អ្នក!

យើងប្រហែលជាធ្លាប់មានមិត្តម្នាក់នោះ ដែលនិយាយត្រង់ៗពេកតែម្តង។ មិនថាសម្តីរបស់គេនិយាយចេញមកធ្វើឱ្យអ្នកឈឺចាប់ ឬ អាម៉ាស់មុខកម្រិតណានោះទេ អ្នកដឹងថាអ្នកត្រូវការមិត្តប្រភេទនោះខ្លាំងណាស់។ ការពិត ពួកគេប្រៀបបីដូចជាអ្នកផ្តល់ដំបូន្មានដ៏ល្អបំផុតកម្ររកបានណាស់។ ខាងក្រោមនេះជាមូលហេតុ ដែលមនុស្សនិយាយត្រង់ៗមិនចេះក្រែងចិត្ត ជាមិត្តល្អបំផុតរបស់អ្នក។ 

១. ពួកគេ "សង្គ្រោះ" អ្នកពីការលិចលង់ក្នុងអន្ទាក់ស្នេហ៍
នៅពេលជួបស្នេហ៍ខកចិត្ត មិត្តដែលក្រែងចិត្ត តែងនិយាយលួងចិត្តអ្នកថា "ទ្រាំៗទៅអ្វីៗនឹងប្រសើរឡើង" តែមិត្តដែលចូលចិត្តនិយាយត្រង់ៗ តែងនិយាយប្រាប់ការពិតឱ្យអ្នកដឹងជានិច្ច។ ពួកគេអាចលើកឡើងថា "អ្នកកំពុងខ្ជះខ្ជាយពេលវេលា" ឬ "វាមិនអាចដូចអ្វីដែលអ្នកសង្ឃឹមបានទេ"។ ជាការពិត ពាក្យទាំងនោះនឹងធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្តែចុងក្រោយ អ្នកនឹងដឹងការពិតថា ពាក្យទាំងនោះពិតជាត្រឹមត្រូវ។ 

២. ពួកគេរុញអ្នកឱ្យក្លាយជាមនុស្សខ្លាំងដែលអ្នកសមនឹងទទួលបាន
មិត្តនិយាយត្រង់ៗចូលចិត្តរុញយើងឱ្យចេញពី Comfort Zone ឬភាពស្រណុកស្រួលពេក។ ហើយពេលឃើញយើងខុសស្អី ខ្លាំងស្អី ខ្សោយស្អី គឺពួកគេប្រាប់ត្រង់ៗតែម្តង ដើម្បីឱ្យយើងល្អប្រសើរឡើង។ ពីដំបូងយើងមានអារម្មណ៍ស្ពឹកមុខ តែសញ្ជឹងគិតយូរទៅ វាជាសម្តីដាស់តឿនដ៏មានតម្លៃ។ 

៣. ពួកគេទាញអ្នកមករកការពិតវិញ នៅពេលចាំបាច់
នៅពេលយើងសុបិនអ្វីមួយហួសពីការពិតពេក មិត្តរបៀបនោះតែងប្រាប់យើងកុំឱ្យបន្តវាទៀត ដើម្បីកុំឱ្យយើងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ ធ្វើនេះមិនមែនមានន័យថា ពួកគេទាញអ្នកទម្លាក់ទឹក ឬបំបាក់ទឹកចិត្តនោះទេ តែពួកគេចង់ការពារអ្នកពីការផុងខ្លួនក្នុងរឿងមិនបានការ។ 

៤. ពួកគេជួយសង្គ្រោះមុខមាត់របស់អ្នក
នៅពេលសួរថាតើឈុតនេះស្លៀកពាក់ទៅសមទេ? ពួកគេនឹងនិយាយត្រង់ប្រាប់តែម្តងថាសម ឬ មិនសម។ ពួកគេមិនដែលបញ្ជោរថាស្អាតនោះទេ ពេលមើលទៅមិនសមនឹងខ្លួនអ្នក។ 

៥. អ្នកមិនចាំបាច់មានមន្ទិលលើភាពស្មោះត្រង់របស់ពួកគេទេ
អ្នកមិនចាំបាច់បារម្ភថា ពួកគេនិយាយរឿងមួយនៅចំពោះមុខអ្នក រួចនៅពីក្រោយខ្នង យករឿងនោះទៅនិយាយប្រាប់អ្នកដទៃនោះទេ ព្រោះតម្លាភាពគឺជាគុណធម៌របស់មនុស្សនិយាយត្រង់។ ហើយមួយវិញទៀត ពួកគេនឹងមិននិយាយកុហកអ្នក​ ដើម្បីបញ្ចៀសកុំឱ្យអ្នកឈឺចាប់នោះឡើយ។ និយាយដោយស្មោះទៅ ពួកគេមិនខ្វល់ថាអ្នកឈឺចាប់ក្នុងអារម្មណ៍យ៉ាងណានោះទេ សំខាន់ពួកគេចង់សង្គ្រោះអ្នកកុំឱ្យខូចចិត្តរឹតតែខ្លាំង នៅពេលជួបវិបត្តិអ្វីមួយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...