យន្តហោះដឹកអ្នកដំណើរទី៣ផលិតនៅចិនធ្វើតេស្តហោះហើរជោគជ័យ, ប្រទេសជាម៉ូយរាប់សិបកុម្ម៉ង់ទុកមុនជាង ៨០០ គ្រឿង

ក្រុមហ៊ុនផលិតយន្តហោះចិនបាននិយាយថា យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកនេះបានបញ្ចប់ការធ្វើតេស្តសាកល្បងហោះហើរលើកដំបូងរបស់ខ្លួន ដែលជាជំហានមួយឆ្ពោះទៅរកការជំរុញរបស់ចិនដើម្បីក្លាយជាតួអង្គសំខាន់មួយក្នុងវិស័យយន្តហោះស៊ីវិលលើសកលលោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា យន្តហោះ C919 ដែលនឹងប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និងយន្តហោះ Airbus SE A320 បានក្លាយជានិមិត្តរូបនៃមហិច្ឆតាយន្តហោះស៊ីវិលរបស់ចិនក៏ដូចជាគោលនយោបាយរបស់លោកប្រធានាធិបតីស៊ីជីនពីងក្នុងការបង្កើនសមត្ថភាពផលិតកម្មថ្នាក់ជាតិឱ្យកាន់តែទំនើប។

ក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) បាននិយាយនៅក្នុង Microblog ផ្លូវការរបស់ខ្លួនថា យន្ដហោះបានចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិសៀងហៃពូតុងនៅម៉ោង ១២:៤៥ នាទីរំលងអាធ្រាត្រ បន្ទាប់ពីបានហោះហើររយៈពេល ១ ម៉ោងនិង ៣៨ នាទី។

ក្រុមហ៊ុនបានឱ្យដឹងថាការធ្វើតេស្តនាពេលអនាគតនឹងរួមបញ្ចូលការហោះហើរទៅកាន់ទីក្រុងស៊ីអាននៅភាគកណ្តាលប្រទេសចិនសម្រាប់ជើងហោះហើរសាកល្បងបន្ថែមទៀត ដោយផ្តោតសំខាន់ទៅលើការរលាស់របស់ស្លាបយន្តហោះ និងការទប់ទល់នឹងល្បឿនខ្យល់ខ្លាំង។

យន្តហោះគំរូ C919 មួយមុននេះបានហោះហើរជាលើកដំបូងនៅខែធ្នូឆ្នាំ ២០១៧។ ក្រុមហ៊ុន COMAC បាននិយាយថា ខ្លួនកំពុងដំឡើងយន្តហោះគំរូ៣បន្ថែមទៀត ហើយយន្តហោះទាំង ៦ គ្រោងនឹងធ្វើតេស្តហោះហើរសាកល្បងនៅឆ្នាំក្រោយ។

យោងតាមរ៉យទ័របានឱ្យដឹងថា អតិថិជនរាប់សិបបានបញ្ជាទិញទុកមុននិងស្នើទិញយន្តហោះ C919 ចំនួន ៨១៥ គ្រឿង។ ក្រុមហ៊ុន COMAC មានបំណងចង់ទទួលបានវិញ្ញាបនប័ត្រសម្រាប់យន្តហោះពីនិយ័តករចិននៅដំណាច់ឆ្នាំ ២០២០ ព្រមទាំងនិយ័តករសុវត្ថិភាពអាកាសចរណ៍របស់អឺរ៉ុប ដែលបានយល់ព្រមចាប់ផ្តើមដំណើរពិនិត្យលទ្ធភាពផ្តល់ជូនវិញ្ញាបនប័ត្រកាលពីខែមេសាឆ្នាំ ២០១៨៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត