adverise with khmeread A79a2fec 3981 4442 94b3 b23709961a98   copy

បន្ត​ចាប់ខ្លួន​មេចោរ​ប្លន់​ទូទាំងប្រទេស​ម្នាក់​និង​បក្ខពួក​៥​នាក់​ទៀត

    កណ្តាល ៖ ជនសង្ស័យ​ជា​មេចោរ​ប្លន់​ប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស​មានឈ្មោះ​ហៅ​ក្រៅ​"​អា​ក្រៃ​ថោង​"​និង​បក្ខពួក​៥​នាក់​ទៀត (​ស្រី​ម្នាក់​)​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល សហការ​ជា មួយ​​ខេត្តកំពង់ចាម តាម​ចាប់ខ្លួនបាន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ និង​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

    កិច្ចប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​មេចោរ​ប្លន់​ខាងលើនេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូ​លិ​ស​ខេត្តកណ្តាល និង​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្តកំពង់ចាម ដោយមាន​ការដឹកនាំ​បញ្ជា និង​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ និង​ដោយមាន​កិច្ចសហការ​ពី​ស្នងការ​ខេត្ត​មួយចំនួន កម្លាំង​កងរាជអាវុធហត្ថ​និង​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​លឹម​សុគ​ន្ថា ព្រះរាជអាជ្ញា​តុលាការ​ខេត្តកណ្តាល​ផងដែរ ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​ស្នងការ​ប៉ូ​លិ​ស​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​សេវា​ផ្ទេរប្រាក់ ​Wing​ នៅក្នុង​ភូមិ សាស្ត្រ​ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​ព័ត៌មាន​និង​សកម្មភាព​របស់​ក្រុមចោរ​ខាងលើនេះ ។ នៅ​មុនពេល​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​លោក​បានទទួល​ព័ត៌មាន​ថា ក្រុមចោរ​ទាំងអស់​នោះបាន​រៀប​គម្រោង​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ចងការ​បរាក់​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្តាល បន្តទៀត ។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខ្លះ​ពី​សកម្មភាព​របស់​ក្រុមចោរ លោក​បាន​បញ្ជា​ឲ្យ​អធិការ​ប៉ូលិស​ស្រុក​ក្រុង​ទាំង​១១​ពង្រឹងកម្លាំង​តាម​គោលដៅ​ងាយ​រងគ្រោះ ។ មួយផ្នែក​ទៀត​លោក​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​ជាមួយនិង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន ចុះ​ច្បាម​មុខសញ្ញា​តាម​ដងផ្លូវ​ជាតិ រហូត​បាន​ប្រទះឃើញ​មុខសញ្ញា​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ក្នុងស្រុក​មុខកំពូល។​

     ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ព្យាយាម​ស្ទាក់​ជនសង្ស័យ​ឲ្យ​ឈប់ តែ​ពួកគេ​មិន​ព្រម​ឈប់​ម៉ូតូ​ទើប​សមត្ថកិច្ច​បើក​ការបាញ់ប្រហារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ត្រូវចំ​ជនសង្ស័យ ឈានដល់​ឃាត់ខ្លួន​ពួកវា​ទាំង​៦​នាក់​បានជា​បន្តបន្ទាប់។​

      ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅពេលនេះ គឺជា​មុខសញ្ញា​ប្លន់​ផ្ទះ​បើក​សេវាកម្ម​ផ្ទេរប្រាក់ ​Wing កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ។ នៅ​មុនពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បាន​ណាត់គ្នា​ជាមួយ​បក្ខពួក បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មុខកំពូល ស្រុក​ពញាឮ និង​ខេត្តកំពង់ចាម​តែ​មិនបាន​សម្រេច​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល​និង​ខេត្តកំពង់ចាម​បង្ការ​និង​បង្ក្រាប​ទាន់ពេលវេលា។​

      លោកស្នងការ​បានបញ្ជាក់​ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើទៅបាន​ដោយ​ជោកជ័យ​ដោយ សារ​តែមាន​ការដឹក​នាំ​បញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​ប៉ូលិស​ជាតិ និង​ដោយមាន​កិច្ចសហការ​ពី​ស្នងការ​ប៉ូលិស​ខេត្តកំពង់ចាម ,​ព្រៃវែង ,​កំពង់ធំ ,​ព្រះវិហារ ,​ស្វាយរៀង ,​តាកែវ និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ជា​ចោរប្លន់​ទាំង​៦​នាក់​ខាងលើនេះ​កំពុង ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​បន្ត​សាកសួរ​បន្ថែមទៀត ទើប​បញ្ជូនទៅ​តុលាការ​ចាត់ការ​តា​និតិ​វិធី៕​

adverise with khmeread

មតិយោបល់