គូប្រជែងស្លាប់រស់ Samsung និង Apple ប្រកាសចាប់ដៃគូគ្នាយ៉ាងភ្ញាក់ផ្អើលលើផលិតផលទូរទស្សន៍នៅពិព័រណ៍ CES

ក្រុមហ៊ុន Samsung បានបង្កើតនូវភាពភ្ញាក់ផ្អើលមួយនៅមុនពិព័រណ៍បច្ចេកវិជ្ជា CES ដោយប្រកាសពីភាពជាដៃគូទូរទស្សន៍ថ្មីជាមួយនឹងគូប្រជែងយូរអង្វែងរបស់ខ្លួន គឺក្រុមហ៊ុន Apple។

កម្មវិធីទូរស័ព្ទ iTunes Movies និង TV Shows របស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះនឹងត្រូវបានណែនាំនៅលើទូរទស្សន៍ឆ្លាត Samsung នៅចុងឆ្នាំ ២០១៩ ដែលនេះជាលើកដំបូងហើយដែលក្រុមហ៊ុនទាំងពីរនេះបានសហការគ្នាតាមរបៀបនេះនៅក្នុងទីផ្សារទូរទស្សន៍។

ការត្រូវគ្នាជាមួយការតភ្ជាប់ AirPlay 2 ឥតខ្សែរបស់ Apple ក៏នឹងត្រូវណែនាំផងដែរ ដែលនេះមានន័យថា អ្នកប្រើ iPhone និង iPad របស់ក្រុមហ៊ុន Apple នឹងអាចបើកមើលមាតិកានានានៅលើទូរទស្សន៍ឆ្លាតរបស់ Samsung។

ក្រុមហ៊ុនទាំងពីរបានក្លាយជាគូប្រជែងនឹងគ្នាជាយូរមកហើយនៅក្នុងទីផ្សារស្មាតហ្វូន កុំព្យូទ័រ បន្ទះឈីប និងទីផ្សារផ្សេងទៀត។

លោក Won-Jin Lee អនុប្រធានប្រតិបត្តិផ្នែកអាជីវកម្មទូរទស្សន៍របស់ក្រុមហ៊ុនកូរ៉េបាននិយាយថា "យើងមានមោទនភាពក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខគេខាងឧស្សាហកម្មកំពូលៗ ដើម្បីផ្តល់ជូននូវសេវាកម្មមាតិកាទូលំទូលាយបំផុតដល់ទូរទស្សន៍ឆ្លាតរបស់យើង។ ការនាំយកនូវមាតិកាបន្ថែម តម្លៃ និងមុខងារកម្មវិធីដ៏បើកទូលាយដល់ម្ចាស់ទូរទស្សន៍ Samsung និងអតិថិជន Apple តាមរយៈ iTunes និង AirPlay គឺជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា"។

លោក Eddy Cue តំណាងរបស់ក្រុមហ៊ុន Apple បាននិយាយអំពីសេចក្តីប្រកាសនេះថា "យើងទន្ទឹងរង់ចាំនាំមកនូវបទពិសោធន៍ iTunes និង AirPlay 2 ទៅកាន់អតិថិជនកាន់តែច្រើនឡើងនៅទូទាំងពិភពលោកតាមរយៈ Samsung Smart TV ដូច្នេះអ្នកប្រើ iPhone, iPad និង Mac មានវិធីមួយទៀតដើម្បីរីករាយនឹងមាតិកាពេញនិយមរបស់ពួកគេនៅលើអេក្រង់ធំបំផុតនៅក្នុងផ្ទះរបស់ពួកគេ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត