រកឃើញរលកសញ្ញាវិទ្យុអាថ៍កំបាំងផុសចេញពីទីជ្រៅនៃអវកាស

ក្រុមតារាវិទូបានលាតត្រដាងទិន្នន័យលម្អិតនៃសញ្ញាអាថ៌កំបាំង ដែលទទួលបានពីកាឡាក់ស៊ីដ៏ឆ្ងាយមួយ ដែលត្រូវបានចាប់យកបានតាមរយៈកែវយឹតនៅប្រទេសកាណាដា។

ប្រភពដើមនៃការផ្ទុះចេញនូវរលកវិទ្យុនេះគឺមិនទាន់ដឹងទេ។

ក្នុងចំណោមរលកវិទ្យុចំនួន ១៣ ដែលត្រូវបានគេស្គាល់ថា FRBs គឺជាសញ្ញាម្តងហើយម្តងទៀតមិនធម្មតា ដែលបានមកពីប្រភពដូចគ្នានៅចម្ងាយប្រហែល ១,៥ ពាន់លានឆ្នាំពន្លឺ។

ព្រឹត្តិការណ៍បែបនេះត្រូវបានគេរាយការណ៍ពីមុនមក ប៉ុន្ដែចាប់រលកសញ្ញាបានដោយកែវពង្រីកផ្សេងគ្នា។

លោក Ingrid Stairs ដែលជារូបតារាវិទូម្នាក់មកពីសាកលវិទ្យាល័យ British Columbia (UBC) បាននិយាយថា "ដោយដឹងថាមានរលកសញ្ញាមួយផ្សេងទៀត វាបង្ហាញថាអាចនឹងមានរលកសញ្ញាច្រើនទៀតនៅទីនោះ" ។

"ដោយទទួលរលកសញ្ញាម្ដងហើយម្ដងទៀត និងប្រភពកាន់តែច្រើននឹងមានសម្រាប់ឱ្យពួកយើងសិក្សា ហើយយើងអាចយល់បានថា រលកដ៏អាថ៍កំបាំងនេះ មកពីណា និងបណ្ដាលមកពីអ្វី"។

កែវយឹតឃ្លាំមើល CHIME ដែលមានទីតាំងនៅជ្រលង Okanagan Valley នៃរដ្ឋ British Columbia មានអង់តែនពាក់កណ្តាលស៊ីឡាំងប្រវែង ១០០ ម៉ែត្រ ដែលអ្នកអាចឃ្លាំមើលមេឃភាគខាងជើងទាំងមូលជារៀងរាល់ថ្ងៃ។

កែវយឹតនេះទើបតែដាក់ដំណើរការកាលពីឆ្នាំមុន ដោយបានរកឃើញការផ្ទុះរលកវិទ្យុចំនួន ១៣ ស្ទើរតែភ្លាមៗនៅពេលនោះ៕
 

adverise with khmeread