ក្រោយវ៉ៃអ្នកប្រដាល់ជប៉ុនបានលុយវាល់លាន Floy អួតជីវិតហ៊ឺហាគួរឱ្យច្រណែនដល់អ្នកគាំទ្រនៅលើ Instagram

Floyd Mayweather បានសម្ញែងឱ្យប្រិយមិត្តរបស់ខ្លួនបានឃើញនូវជីវិតហ៊ឺហានៅក្រៅសង្វៀនដ៏អស្ចារ្យរបស់ខ្លួន បន្ទាប់ពីធ្វើដំណើរយ៉ាងហ៊ឹកហាក់ទៅទស្សនាការប្រកួតបាល់បោះ NBA ដូចកូនដង្ខៅក្នុងទីក្រុង Los Angeles។

កំពូលអ្នកប្រដាល់មិនស្គាល់រសជាតិចាញ់វ័យ ៤១ឆ្នាំរូបនេះ ដែលកាលពីពេលថ្មីៗនេះបានងើបចេញពីការចូលនិវត្តន៍ដើម្បីក្តាប់យកប្រាក់ ៩លានដុល្លារនៅក្នុងការប្រកួតមួយក្នុងប្រទេសជប៉ុន បានប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីផ្តិតវីដេអូពីរបៀបដែលគាត់ចំណាយពេលទំនេរកាលពីថ្ងៃអង្គាររបស់ខ្លួន។

ចាប់ពីវិមានដ៏ស្កឹមស្កៃនៅក្នុងទីក្រុង Las Vegas របស់ខ្លួន Mayweather បាននិយាយនៅក្នុងវីដេអូថា "ថ្ងៃនេះ ខ្ញុំនឹងនាំអ្នកឱ្យស្គាល់ពិភពលោករបស់ខ្ញុំ។ អ្នកត្រូវមកតាមខ្ញុំពេញមួយថ្ងៃនៅថ្ងៃនេះ។ តោះមកតាមខ្ញុំ"។

ដោយស្លៀកពាក់ឈុតអាវពណ៌ខៀវដូចគ្នាទៅនឹងខោកីឡាមួយឈុតតម្លៃ ៥៥០ផោន អតីតម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ចម្រុះពិភពលោករូបនេះ បានដើរកាច់កុងនៅក្នុងផ្ទះថ្មម៉ាបរបស់ខ្លួន មុននឹងចេញមកក្រៅ។

Mayweather បានឡើងទៅកាន់រថយន្ត Rolls-Royce Cullinan តម្លៃ​ ២៥០.០០០ផោនរបស់គាត់ និងបានបង្អួតផងដែរពីលក្ខណៈពិសេសរបស់រថយន្តមួយគ្រឿងនេះដែលអាចបិទទ្វារដោយខ្លួនវា។

បន្ទាប់មកគាត់បានធ្វើដំណើរចេញទៅកាន់អាកាសយានដ្ឋានក្នុងតំបន់ Vegas ដើរចូលទៅកាន់ទីនោះ ដែលយន្តហោះឯកជនដ៏ប្រណីតរបស់គាត់កំពុងរង់ចាំ ដើម្បីចេញដំណើរទៅទស្សនាការប្រកួតបាល់បោះក្នុងទីក្រុង Los Angeles ដែលគាត់បានកក់សំបុត្រ VIP រួចជាស្រេច៕

 

 


 

adverise with khmeread