ក្រុមម្ចាស់ហាងប្រដាប់ដោយសោច្រវាក់និងកែវស្រា ព្រួតវាយភ្ញៀវ៤នាក់ឈាមស្រោចខ្លួនផ្អើលឈុល, សងអស់៧០០ដុល្លារ

ភ្នំពេញ​ ៖ បុរស៤នាក់ជាភ្ញៀវ បានរងរបួសខ្លះតិចខ្លះរបួសច្រើនរហូតបែកក្បាលឈាមហូរស្រោចខ្លួន ដោយសារក្រុមម្ចាស់ហាងយីហោ «ភ្នំពេញសាច់អាំង PPQ» ព្រួតវាយ នៅវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុច ហាង ផឹកស៊ី យីហោភ្នំពេញសាច់អាំង PPQ តាមបណ្ដោយផ្លូវលេខ១៣៦​ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកស៊ីក្នុងហាងនេះ ជាច្រើនលើកច្រើនសារមកហើយ។ តែសម្រាប់ថ្ងៃនេះនៅវេលាមុនកើតហេតុ ពួកគាត់ បានឱ្យគេគិតលុយ ព្រោះចង់ទៅបន្តមួយកន្លែងទៀត។ ពេលពួកគាត់បាននាំគ្នាដើរចេញ  ដល់ខាងមុខហាង ស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាង នាំគ្នាព្រួតវាយ មានទាំងសោច្រវ៉ាក់ និងកែវស្រា វាយមកលើពួកគាត់ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់។

ចំណែកជនរងគ្រោះម្នាក់ទៀតបានឱ្យដឹងថា រឿងនេះផ្តើមពីមូលហេតុ ដោយគ្រាន់តែមិត្តភក្តិរបស់គាត់ មើលមុខប្អូនស្រីរបស់ម្ចាស់ហាងញឹកញាប់ពេក ទើបធ្វើឱ្យបុគ្គលិកហាងនោះ បង្កជាហិង្សា វាយមកលើពួកគាត់។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ និងហៅម្ចាស់ហាង ដើម្បីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាងយល់ព្រម សងថ្លៃព្យាបាលរបួស និងជម្ងឺចិត្តចំនួន៧០០ដុល្លារ តាមការទាមទាររបស់ក្រុមរងគ្រោះ ដើម្បីបញ្ចប់រឿង និងធ្វើឯកសារបញ្ជាក់ថា មិនមានការគុំគួនគ្នាទៀតឡើយ៕


 

adverise with khmeread