ឃាត់ជនសង្ស័យ ៣ នាក់លើ២ករណីពាក់ព័ន្ធគ្រឿងញៀននៅកោះកុង

កោះកុង​ ៖​ ប៉ូលិសខេត្តកោះកុង​បានបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន២ករណី​ ដោយឃាត់ជនសង្ស័យ៣នាក់​ កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៩ម្សិលមិញ​​។ 

ករណីទី១-ប៉ូលិសស្រុកបូទុមសាគរបានឃាត់ខ្លួនមុខសញ្ញាម្នាក់ តាមដីការបង្គាប់របស់សាលាដំបូងខេត្ត ពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់​ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង៥ និង៤០ នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ ការចាប់ខ្លួ​នគឺ អនុវត្តតាមដីកាចាប់ខ្លួនលេខ ១៦៧៤ តព របស់សាលាដំបូងខេត្ត បង្គាប់ចាប់ខ្លួនមុខសញ្ញាឈ្មោះ លី ស៊ន់ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តទៅ នៅចំណុចភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ កាលពីថ្ងៃទី ៣០.០៥. ២០១៨។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

ករណីទី២-ប៉ូលិសក្រុងខេមរភូមិន្ទ បង្ក្រាបបានករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១ ករណីនៅចំណុច ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២នាក់នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង១០ នាទីព្រឹក។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ រួមមាន ១- ឈ្មោះ កើត មីហ្សី ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ នេសាទ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើនិង ២- ឈ្មោះ នៅ ណារ៉ូ ភេទប្រុស អាយុ​២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដកហូតវត្ថុតាងរួមមាន​៖ ថ្នាំញៀនប្រភេទ ICE ចំនួន ១ កញ្ចប់។

បច្ចុប្បន្ន ករណីនេះកម្លាំងប៉ូលិសបានសាកសួរ និងបំពេញសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread