ឆ្លងចរន្តអគ្គីសនីផ្ទុះម៉ាស៊ីនត្រជាក់បណ្តាលឱ្យស្លាប់ស្រ្តីម្នាក់

​ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត ខណៈកំពុងដេកលង់លក់ក្នុងបន្ទប់ ត្រូវអគ្គីភ័យឆាបឆេះផ្តើមចេញពី ឆ្លងចរន្តអគ្គិសនីផ្ទុះម៉ាស៊ីនត្រជាក់ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះអត់លេខ ខាងត្បូងសាលាមុំប្រមាណ៣០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ស្រ្តីរងគ្រោះខាងលើឈ្មោះ តាំង លាង អ៊ី អាយុ៣៧ឆ្នាំ ជាអាជីវករលក់កាបូប នៅផ្សារឈូកមាស និងមានប្តីឈ្មោះ ជ្រុន សុខដា អាយុ៤០ឆ្នាំ នៅលក់ជាមួយប្រពន្ធ និង មានកូនប្រុសស្រីតូចៗពីរនាក់​។ 

​យោងតាមសម្តីបុរសជាប្តីរបស់ស្រ្តីរងគ្រោះបានឱ្យដឹងថា  កាលពីព្រឹកម៉ិញ (ថ្ងៃទី១១) គាត់បានហៅជាងមកលាងសំអាតម៉ាស៊ីនត្រជាក់ របស់គាត់ដែលនៅក្នុងបន្ទប់ជាន់ឡៅតឿ ផ្នែងខាងមុខ (បន្ទប់កើតហេតុ )។ 

​លុះរហូតដល់យប់ថ្ងៃដដែល ប្រពន្ធរបស់គាត់ក៏បានត្រលប់មកពីផ្សារវិញ ហើយបានត្អូញថាមិនសូវស្រួលខ្លួន រួចក៏បានលេបថ្នាំសម្ងំដេក ដោយផ្តាំប្តីនិងកូនៗកុំដេកនៅក្នុងបន្ទប់ជាមួយគាត់ នាំរំខាន។ លុះដល់វេលាកើតហេតុ ខណៈគាត់(ប្តី) កំពុងដេកជាមួយកូនៗ ក្បែរបន្ទប់កើតហេតុ ក៏ស្រាប់តែសូរផ្ទុះ និងមានក្លិនឈ្ងៀម ចេញពីបន្ទប់នោះ។ 

​ភ្លាមៗគាត់បានទាញទ្វារដើម្បីចូលទៅមើល ប៉ុន្តែសោបានចាក់ពីខាងក្នុងយ៉ាងរឹងមាំ ទើបភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាយកដំថ្មវាយបំបែកកញ្ចក់ និងទម្លាយទ្វារចូលទៅបាន តែអកុសលប្រពន្ធគាត់ត្រូវបានភ្លើងឆាបឆេះរោទិ៍ស្លាប់នៅលើពូកបាត់ទៅហើយ។ 

​ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ហើយសន្និដ្ឋានថា ករណីនេះពិតជាករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ពិតប្រាកដមែន។ អគ្គិភ័យមិនបណ្តាលឆាបឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ គឺខូចខាតតែសម្ភារៈនៅក្នុងបន្ទប់ឡៅតឿអស់មួយចំនួនប៉ុណ្ណោះ៕


 

adverise with khmeread