បុរសជនជាតិចិនម្នាក់ស្លាប់​ ខណៈមកដើរទេសចរណ៍បាន៤ថ្ងៃនៅសៀមរាប

សៀមរាប​ ៖ មានករណីជនបរទេសជនជាតិចិនម្នាក់ ស្លាប់ដោយសារមេរោគជ្រាបចូលក្នុងឈាមបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល៤ និង១៦នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិ កសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប​។ 

ប៉ូលិសបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ XUWENHE ភេទប្រុស​ កើតថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ១៩៥៩ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៨៤៧១៤៤៤៦​ ជាភ្ញៀវទេសចរណ៍។

តាមការសាកសួរបំភ្លឺពីរប្រពន្ធសពបានឱ្យដឹងថា​ រូបគាត់និងគ្រួសាររបស់គាត់បានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០១៩​ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥០៨ សណ្ឋាគារ នរៈសឹង្ហអង្គរភូមិជន្លង់​ សង្កាត់សាលាកំរើក​ ក្រុងខេត្តសៀមរាប។​

រហូតដល់ម៉ោង០១និង១៥នាទី​ ឈានចូលថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០១៩ ប្តីរបស់គាត់មានសភាពមិនស្រួលខ្លួនហើយនៅម៉ោង០៣ និង៣០នាទីជិតភ្លឺបានដឹកមកមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីសង្គ្រោះរហូតដល់ម៉ោង៤ និង១៦នាទីថ្ងៃដដែល​ គ្រួសាររបស់គាត់បានស្លាប់។

តាមការពិនិត្យសាកសពនៅលើខ្លួនសពពុំមានស្នាក់ស្នាមអ្វីដែលគួរឱ្យកត់សម្គាល់ឡើយ។​ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ​ និងលោកវេជ្ជបណ្ឌិត​ អ៊ិត​ ឆបឆរ័ត្ន គ្រូ​ពេទ្យអមតុលាការខេត្តបានសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយសារមេរោគជ្រាបចូលក្នុងឈាម។ 

សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារ និងតំណាងស្ថានកុងស៊ុល៕


 

adverise with khmeread