ម្នាក់ស្លាប់និងម្នាក់ទៀតរបួស​ ដោយសាររថយន្ដបើកបុកម៉ូតូនៅស្រុកពញាឮ

កណ្ដាល​ ៖​ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្ដមួយគ្រឿងបើកបុកជាមួយម៉ូតូ២គ្រឿងពេញមួយទំហឹង នៅវេលាម៉ោង១ និង៥៧នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ 

​ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ណុប សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិដងគោមថ្មី ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-5476 និងអ្នកបើកបរម៉ូតូមួយគ្រឿងទៀតមិនស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី វីវាធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ព-4709ភព1។ ចំណែកឯរថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង។

សាក្សីនិយាយថា​ គាត់បានឃើញម៉ូតូទាំង២គ្រឿងបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នា បណ្ដាលឱ្យបុកជាមួយម៉ូតូជនរងគ្រោះទាំង២គ្រឿង បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីវីវ៉ា រងរបួសស្រាល។ ចំណែករថយន្ដក្រោយពីមានហេតុការណ៍កើតឡើង បានបើករត់គេចខ្លួនបាត់។

ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុកបានចុះមកអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង បញ្ជាក់ថា ម៉ូតូទាំង២គ្រឿងពិតជាត្រូវរថយន្ដបើកបុកប្រាកដមែន។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ឯម៉ូតូទាំង២គ្រឿងត្រូវបានប៉ូលិសជំនាញកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...