ទិញថ្នាំញៀនពីម្តុំបឹងត្របែកទៅលក់បន្តត្រូវប៉ូលិសស្រុកកណ្ដាលស្ទឹងវ៉ៃខ្នោះបាន២នាក់

កណ្ដាល​ ៖ ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទ្រា សហការជាមួយកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនស្រុក បានបង្រ្កាបជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងដកហូតថ្នាំញៀនចំនួន៦កញ្ចប់ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យចាប់ខ្លួន២នាក់រួមមាន ទី១-ឈ្មោះ ង៉ែត វិរៈ ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងទី២-ឈ្មោះ ជា ម៉ីលីង ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកាស្លា ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)​។

ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ (១កញ្ចប់មធ្យម -៥កញ្ចប់តូច) និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ប៉ូលិសបន្ដថា  ដំបូងកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទ្រាបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យទាំង២នាក់កំពុងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិ-ឃុំកើតហេតុខាងលើ​។ ក្រោយពីបានទទួលព័ត៌មានរួច ភ្លាមនោះកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុក ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងដកហូតវត្ថុតាងជាក់ស្ដែងខាងលើ យកមកអធិការការដ្ឋានប៉ូលិសស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ង៉ែត វិរៈ បានសារភាពថា ថ្នាំញៀនខាងលើនេះ ខ្លួនបានទិញជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ ក្នុងតំលៃ១៥ម៉ឺនរៀល ដើម្បីយកមកលក់បន្ដប្រាកដមែន​៕

adverise with khmeread
tiger
Loading ad ...