បញ្ជូនម្ចាស់ស្ថានីយ៍ប្រេង៣នាក់ទៅតុលាការពូកែខាងស៊ីលីត្រនិងគ្មានគុណភាព

​ប៉ៃលិន​ ៖​ ម្ចាស់ស្ថានីយ៍ប្រេង៣នាក់ប្រឈមចំពោះមុខតុលាការ​បន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ ក្រោយពីបានណែនាំច្រើនលើកមិនកែខ្លួន​។ 

​សមត្ថកិច្ចនិយាយថា ការចុះត្រួតពិនិត្យអស់រយៈពេល១ថ្ងៃ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩ ដឹកនាំដោយលោកឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត លោក មាន​ ចំណាប់​ អនុប្រធាន​នាយកដ្ឋានកាំកុងត្រូល​ កិច្ចការងារអ្នកប្រើប្រាស់​ និងការបង្ក្រាបការ​ក្លែងបន្លំ​ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើល​កន្លែងស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត​ ដោយមិនអប់រំទៀតទេ​ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេស​គុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិត។

​លោកឈឹម វាសនា បានឱ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈ​​​ដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល​ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ​ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»។

​លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១០កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមិនអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត ​ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតែម្តង​​។

​លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឱ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់​។ ចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឱ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមាន។ 

​សូមបញ្ជាក់ថា​ រយៈពេលពេញ១ ថ្ងៃ​ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០កន្លែង ក្នុងខេត្តប៉ៃលិន រកឃើញថា ស្ថានីយ៍ ឥន្ធនៈ និងដេប៉ូចំនួន៧ កន្លែងមានភាពមិនត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហា ទៅលើបច្ចេកទេសម៉ាស៊ីន បាញ់ប្រេង។ ក្នុងនោះមានដេប៉ូ៣ កន្លែង គឺទី១-ដេប៉ូសូគីមិចបូរី ប៉ៃលិន ទី២-ស្ថានីយប្រេង ឥន្ធនៈ តូតាល់ និងទី៣-ដេប៉ូ ជាងសៀន គឺមានភាពមិនប្រក្រតី ក្នុងការគេងបន្លំបរិមាណ និងគុណភាព បរិមាណចំណុះលីត្រ មិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី ១លីត្ររហូតដល់៤លីត្រ ត្រូវបានកសាង សំណុំឯកសារ ទៅតាមនីតិវិធីច្បាប់ បញ្ជូនទៅតុលាការ។

​ម្ចាស់ស្ថានីយ៍ទាំងបីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា បានរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញបានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងចាលមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំ​មួយចំនួនទៀតធ្វើកិច្ចសន្យា និងអប់រំបន្ថែម ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់​ដូចជាទីតាំងចំនួន៣ខាងលើនេះជាកំហិត​៕


 

adverise with khmeread
tiger
Loading ad ...