ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅអាហ្វ្រិកជាលើកទី២

        ខ្សែប្រយុទ្ធ Mohamed Salah បាន​យក​ឈ្នះ​បេក្ខភាព​ដែលជា​មិត្ត​រួម​ក្រុម​ Liverpool រួមមានកីឡាករ Sadio Mane និង​ខ្សែប្រយុទ្ធ Pierre EmerickAubameyangនៅ​ក្នុង​កម្មវិធី​ផ្តល់​ពានប្រចាំឆ្នាំ​២០១៨​របស់​សហព័ន្ធបាល់ទាត់​អាហ្វ្រិកនៅ​ទីក្រុងដាកាកាលពីយប់ថ្ងៃអង្គារ។

 

        Salahក៏ធ្លាប់បាន​យក​ឈ្នះ​កីឡាករទាំង​ពីរ​រូប​ដដែលនេះ​កាល​ពី​ឆ្នាំ​មុន​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ដែលសម្រេចដោយ​ប្រធាន​បច្ចេកទេសនិង​ក្រុមគ្រូបង្វឹក​មក​ពី​សហព័ន្ធ​បាល់​ទាត់​ដែល​ជាសមាជិក​ចំនួន​៥៦។

        នៅ​ពេល​ទទួល​ពាន​ប្រចាំឆ្នាំ​២០១៨Salah បាន​និយាយថា “ពាន​នេះគឺសំខាន់ខ្លាំង​ណាស់សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឃើញ​វាកាល​ខ្ញុំ​នៅ​ក្មេង​ ហើយ​ខ្ញុំតែងតែ​មាន​ក្តីសុបិន​ចង់​លើក​ពាន​នេះ​នៅ​ថ្ងៃណាមួយ”។

        Salah បន្តថា “​ខ្ញុំមាន​មោទនភាពណាស់​ដែល​លើក​ពាន​នេះពីរ​លើក​ជាប់​គ្នា​។ ខ្ញុំ​ត្រូវ​អរគុណក្រុម​គ្រសាររបស់ខ្ញុំ​និង​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ហើយ​ខ្ញុំសូម​​ឧទ្ធិស​ពាន​នេះដល់​ប្រទេស​របស់ខ្ញុំគឺ អេហ្ស៊ីប”។

        Salah បាន​ជួយ​ក្រុម Liverpool ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ CL ​ឆ្នាំ​២០១៨​ប៉ុន្តែ​មាន​បញ្ហា​របួស​ស្មា​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម​ Real Madrid ៣-១ក្នុងទីក្រុងកៀវ។បញ្ហា​របួស​នេះ​បាន​ធ្វើ​ឲ្យ​មាន​មន្ទិល​ជុំវិញ​ការ​ចូល​រួម​ព្រឹត្តិការណ៍​វើលខាប់​នៅពេលនោះ ប៉ុន្តែ​ Salah ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ​និង​តំណាងឲ្យ​ក្រុមអេហ្ស៊ីប​នៅ​វើលខាប់ក្នុងប្រទេសរុស្ស៊ី​ ដោយ​រក​បាន​២គ្រាប់​ ខណៈ​ក្រុម​អេហ្ស៊ីប​ខ្ទាត​ចេញ​តាំងពី​ជុំដំបូង៕

adverise with khmeread