ជើង​ខ្លាំង​ព័ទ្ធ​វាយ​គេ​កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ លប​ចូល​ស្រុក​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​

​ព្រះសីហនុ​ ៖ កម្លាំង​ប៉ូលិស​ស្រុក​ព្រៃនប់បានឃាត់ខ្លួនជនជាប់ចោទម្នាក់​នៅ​រសៀល​ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៩ នៅចំណុចឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា​។ 

​ប៉ូលិសនិយាយថា​ ការចាប់ខ្លួនយោងតាម​ដីកា​បង្គាប់​ឱ្យចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ លេខ១១៥០ ដចខ/១៤ ចុះថ្ងៃទី២០-០៩-២០១៥ ដែល​បង្គាប់ឱ្យចាប់ខ្លួន​ ឈ្មោះ អាន ផាន់ ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤-០៩-២០១៤ ។ 

​លោក​វរៈសេនីយ៍​ត្រី​ អ៊ួង​ វុទ្ធី​ អធិការ​រង​ប៉ូលិស​ស្រុក​ព្រៃនប់​ទទួល​ការ​ងារព្រហ្មទណ្ឌ​ បាន​ឱ្យដឹងថា​ កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ ក្នុង​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ ឆ្នាំ​២០១៤ មុខ​សញ្ញាឈ្មោះ អាន​ ផាន់​ បាន​ផឹក​ស៊ី​ក្នុង​ហាង​មួយ​កន្លែង​ នៅ​ភូមិ​វាល​មាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ហើយ​មាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​។ ពេល​នោះ​ ឈ្មោះ ​អាន​ ផាន់​ បាន​ទៅ​ហៅ​បង​ប្អូន​ជា​ច្រើន​នាក់​ ជិះ​ឡាន​កូរ៉េ​មួយ​គ្រឿង​ មក​ព័ទ្ធ​វាយ​គូ​ជម្លោះ​ដល់​មុខ​ហាង​ផឹកស៊ី​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់។ កាល​ណោះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួក​គេ​បាន​ម្នាក់​។ ដោយ​ឡែក​ឈ្មោះ​ អាន​ ផាន់​ និង​គ្នីគ្នា​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​មូល​ដ្ឋាន​អស់​ទៅ​។ 

​លោក​ អ៊ួង​ វុទ្ធី​ បន្តថា ថ្មី​ៗ​នេះ​ឈ្មោះ​ អាន​ ផាន់​ បាន​លេច​មុខ​ក្នុង​មូលដ្ឋាន​ ព្រម​ទាំង​ធ្លាប់​ស្ទាក់​វាយ​សមត្ថកិច្ច​ទៀតផង​ ហើយ​ថ្ងៃ​នេះ​ទំ​រាំ​ចាប់​ខ្លួន​គាត់​បាន​ សមត្ថកិច្ច​ប៉ូលិស​ស្រុក​ព្រៃនប់​ ប្រើ​កម្លាំង​ច្រើន​នាក់​ ទើប​ព័ទ្ធ​ចាប់​ខ្លួន​គាត់​បាន​ មកផ្តន្ទាទោសតាមច្បាប់៕
 

adverise with khmeread
tiger
Loading ad ...