រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកចូលផ្ទះប្រជាពលរដ្ឋខូចខ្ទេចខ្ទី

ព្រះសីហនុ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកចូលផ្ទះប្រជាពលរដ្ឋកើតឡើងនៅវេលាជិត១០ព្រឹកថ្ងៃទី១២ មករា ២០១៩ ត្រង់ចំណុចជិតអង្គភាពសាខាកាំកុងត្រូលខេត្តព្រះសីហនុខាងមុខបុរីឆឹង សុខា ក្នុងសង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A -0978  បើកចុះតាមផ្លូវបេតុងចំណោតពីលើភ្នំ ដំបូងមកប៉ះជាមួយរថយន្តតូចមួយគ្រឿងនិងរថយន្តក្រឡុកស៊ីម៉ង់ត៍ដូចគ្នាមួយគ្រឿងទៀត រួចហើយក៏ឆ្លងផ្លូវកៅស៊ូជ្រុលទៅបុកចូលផ្ទះគេបន្តទៀត។

ប៉ូលិសបន្តថា គ្រោះថ្នាក់ខាងលើនេះបណ្ដាឱយខូចខាតសម្ភារៈមួយចំនួនខាងមុខនិងក្នុងផ្ទះរងគ្រោះដែលមានម្ចាស់ផ្ទះឈ្មោះ ហួត ជា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ក្នុងនោះក៏មានខូចខាតម៉ូតូចំនួន២គ្រឿង គឺម៉ូតូម៉ាក HONDA.C125. ពណ៌ខ្មៅ ពាក់ស្លាកលេខ1B -8238 និងម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅពាក់ស្លាកលេខ1C -1125។ 

ក្រៅពីនេះក៏មានការប៉ះពាល់ខូចខាតផ្នែកខ្លះទៅលើរថយន្ត២គ្រឿងផ្សេងទៀត ដែលរថយន្តបង្កបុកប៉ះមុននិងជ្រុលទៅបុកចូលផ្ទះគេ គឺរថយន្តក្រឡុកស៊ីម៉ង់ត៍ដូចគ្នាមួយគ្រឿងស្លាកលេខព្រះសីហនុ 5A-0602 និងរថយន្តតូចមួយគ្រឿងស្លាកលេខភ្នំពេញ 2AA-0306។ 

ក្រោយកើតហេតុបុរសអ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួននាំយកទាំងវត្ថុតាងទៅកាន់ការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោគ ខេត្តព្រះសីហនុសាកសួរ និងដោះស្រាយបន្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread