សិស្សសាលា១៤០នាក់ ក្រោយបរិភោគ បាយកញ្ចប់រួច មានអាការៈ ឈឺពោះ និងរាគ

បន្ទាយមានជ័យ​ ៖​ សិស្សានុសិស្សប្រមាណ១៤០នាក់ នៃសាលាបឋមសិក្សាប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអការៈ ឈឺពោះ និងរាគ បន្ទាប់ពីបរិភោគបាយកញ្ចប់រួច នៅវេលាម៉ោង​៨ និង១២នាទីយប់​ ថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៩។

លោកវរៈសេនីយ៍ឯក​ មាស ប្ញទ្ធី អធិការប៉ូលិស ស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩ វេលាម៉ោង​២ និង១២នាទី​ មានជនជាតិកូរ៉េ មកធ្វើកម្មវិធិប្រគល់ បន្ទប់អនាម័យជូនសាលាបឋមសិក្សាប៉ោយសំរោង​ សិស្សានុសិស្សចំនួន២៨៧នាក់​ ស្រី១២៥នាក់ និងម្ចាស់ជំនួយជាជនជាតិកូរ៉េចំនួន២៤នាក់ ប្រុស១២នាក់។ 

ក្នុងពេលកម្មវិធីនេះក៏មានចែកអាហារបាយកញ្ចប់ ក្នុងនោះមានសាច់ជ្រូកចៀន ទឹក ១ដប។ លុះដល់ម៉ោង​៨ និង១២នាទីយប់​ ថ្ងៃដដែល មានក្មេងៗដែលទទួលទានអាហារនោះ មានជម្ងឺឈឺពោះ និងរាគ ចំនួន១៤០នាក់។ 

លោកអធិការបានបន្តថា​ ក្រោយពីកើតហេតុ កម្លាំងប៉ូលិសស្រុកព្រះនេត្រព្រះ បាននាំយករថយន្តបញ្ជូនទៅមន្ទីពេទ្យស្រុកព្រះនេត្រព្រះ និងកម្លាំងប៉ូលិសខេត្ត បាននាំយករថយន្តជួយដឹកក្មេងទាំងនោះមកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ​ និងបានត្រឡប់ទៅផ្ទះវិញ៩០នាក់ ដាក់សេរ៉ូមដេកនៅពេទ្យ៥០នាក់ មកទល់នឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ គឺនៅសល់ តែ១៨នាក់ប៉ុណ្ណោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។

ចំពោះបញ្ហាបង្កឱ្យក្មេងៗ ទាំងនោះមានអាការៈមិនស្រួលខ្លួន​ នៅមិនទាន់ដឹងនៅឡើយទេ ព្រោះខាងមន្ត្រីពេទ្យស្រុក បាននាំយកចំណីអាហារទាំងនោះទៅធ្វើការពិសោធន៍ខេត្ត ដោយមិនទាន់ដឹងពីលទ្ធផល។ ក្មេងៗរងគ្រោះទាំងនោះ មានទីលំនៅ ភូមិប៉ោយសំរោង​ ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ៕

adverise with khmeread