អ្នកស្រុកប្រទះឃើញបុរសម្នាក់លង់ទឹកស្លាប់នៅក្នុងស្រះទឹក

កោះកុង​ ៖ មានករណីមនុស្សលង់ទឹកស្លាប់ត្រូវបានអ្នកស្រុកប្រទះឃើញ នៅចំណុចស្រះទឹក ស្ថិតនៅភូមិចំការលើ ឃុំថ្មស​ ស្រុកបូទុមសាគរ​ ខេត្តកោះកុង​ កាលពីយប់ថ្ងៃទី១១ មករា ២០១៩។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានមកធ្វើកម្មករបររទេះក្របីដឹកឈើ ឱ្យឈ្មោះស៊ីម កាំង​ ភេទប្រុស មានទីលំនៅភូមិចំលើ ឃុំថ្មស ហើយជនរងគ្រោះបានមកធ្វើការរយៈពេល០១ថ្ងៃក៏សុំត្រលប់ទៅផ្ទះវិញ ឈ្មោះ ស៊ីម កាំង ប្រាប់ថាអត់មានឡានជិះត្រឡប់ទៅទេ ចាំព្រឹកទើបមានឡានជិះទៅ ខណៈពេលនោះជនរងគ្រោះបានទៅផឹកស្រាស្រវឹង និយាយរវើយរវាយ មិនដឹងអ្វីទេ។ 

ក្រោយមកថ្ងៃទី១០ មករា ២០១៩ វេលាម៉ោង០៣ទៀបភ្លឺ ជនរងគ្រោះបានចេញពីផ្ទះម្ចាស់ឈ្មោះខាងលើបាត់ដំណឹងសូន្យឈឹង។ រហូតដល់ថ្ងៃទី ១១ មករា ២០១៩ វេលាម៉ោង ៥ល្ងាច មានឈ្មោះ ​លួន ធី ភេទប្រុស មានទីលំនៅភូមិចំការលើ ឃុំថ្មស បានទៅបូមទឹកស្រះ បានប្រទះឃើញសាកសពជនរងគ្រោះខាងលើ អណ្តែតទឹក ក្នុងស្រះទឹក ឃ្លាតពីផ្ទះឈ្មោះ ស៊ីម កាំង ប្រហែល២៥០ម៉ែត្រ។

តាមការពិនិត្យសាកសពចូលរួមដោយ  អាជ្ញាធរភូមិ-ឃុំ, គ្រូពេទ្យមណ្ឌលសុខភាពថ្មស និងកម្លាំងប៉ូលិសជំនាញស្រុកបូទុមសាគររួចគ្រូពេទ្យបញ្ជាក់ថា ​​​​​​​​​​​​សាកសពគ្មានរបួសស្នាមទេ គឺស្លាប់ដោយសារលង់ទឹក។ 

ក្រោយពីពិនិត្យសាកសពរួច ប៉ូលិសបានប្រគល់សាកសព ទៅឱ្យប្រពន្ធជនរងគ្រោះឈ្មោះ យ៉ង់ វឿន អាយុ៣៨ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread