ចោរប្លន់នារីរូបស្អាតនៅផ្ទះសំណាក់បៃតងកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីបង្ក្រាបបានហើយ

ភ្នំពេញ​ ៖​ ចោរប្លន់នារីរូបស្អាតនៅផ្ទះសំណាក់បៃតងកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីបង្ក្រាបចាប់ខ្លួនបាន​​ នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ​ និង​ កំពុងបន្តស្វែងចាប់ខ្លួនបក្ខពួកបន្ថែមទៀត។ 

មន្ត្រីអាវុធហត្ថនិយាយថា កាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញ online ម្នាក់ដែលស្គាល់គ្នាតាម Facebook ឱ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។ 

មន្ត្រីអាវុធហត្ថដដែលបន្តថា​ តែនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេឈ្មោះ ឌីណា ពុទ្ធិស័ក្ត (ហៅ ទី) ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈ Facebook ឱ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឱ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។ 

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត។ 
​ 
គួររំលឹកថា​ នារីស្រស់ស្អាតម្នាក់បានរងគ្រោះដោយអំពើឆបោកតាមហ្វេសប៊ុក រួចត្រូវខាងប្រុសប្លន់យកគ្រឿងអលង្ការនិងលុយអស់ពីខ្លួន នៅវេលាម៉ោង៦ព្រលប់ ថ្ងៃអង្គារ ទី១ ខែមករា  ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់ «បៃតង» តាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​។

តាមសម្តីសមត្ថកិច្ចបានឱ្យថា ជនរងគ្រោះឈ្មោះ យ រ វ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ឥវ៉ាន់ online ស្នាក់នៅផ្ទះជួល បាត់បង់ទ្រព្យសម្បត្តិរួមមាន  ទូរស័ព្ទ iPhone EX ១គ្រឿង , ខ្សែកចំនួន១ខ្សែ , ខ្សែដៃចំនួន១ខ្សែ , ចិញ្ជៀនពេជ្រ១វង់ , លុយដុល្លារចំនួន២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ​។ ចំណែកជនសង្ស័យភេទប្រុសពេលនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ។ 

តាមសម្តីរបស់នារីរងគ្រោះប្រាប់ប៉ូលិសថា គាត់បានស្គាល់ជនសង្ស័យតាមហ្វេសប៊ុកអស់រយៈពេលជិត១ខែមកហើយ មិនដែលបានជួបគ្នានោះទេ​។ នៅថ្ងៃកើតហេតុ ជនល្មើស បានឆាតមកសុំជួបគ្នានៅចំណុចខាងលើដើម្បីឱ្យលុយចំនួន១០០ដុល្លារដោយជនល្មើសសន្យាមិនធ្វើអីនោះទេ។ ជនល្មើសបានប្រាប់ទៀតថា មកដេកជាមួយបង បងមិនធ្វើអីៗនោះទេ សូមតែអូនមកជួបបងមួយភ្លេតបានហើយ។ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab