គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកស្លាប់ម្នាក់,របួស២នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅខេត្តព្រះសីហនុ​ បណ្តាលឱ្យស្លាប់បុរសម្នាក់មិនទាន់ស្គាល់ឈ្មោះនិងរបួស២នាក់​ កាលពីយប់មិញ​។ 

​ករណីទី១-មានគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោងជាង៧យប់ថ្ងៃទី១២ ខែមករា ២០១៩នេះ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ​ 142-143​  ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​រវាងរថយន្ត FUSO  ពាក់ស្លាកលេខ ព្រះសីហនុ​ 3A-0483 របស់ក្រុមហ៊ុន​ SK មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ​។ 

​លុះដល់ចំណុចខាងលើក៏បុកប៉ះជាមួយម៉ូតូម៉ាកសង់​ ពណ៌ខ្មៅ​ ឆ្នាំ​2015​ គ្មានស្លាកលេខមានទិសដៅស្របគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ឡុង​ ចាន់វ៉ា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រងរបួសស្រាល​ និងឈ្មោះ​ ប៉ុន​ សួរ​  ជាប្រពន្ឋរួមដំណើរពីក្រោយរងរបួសស្រាល​ដូចគ្នា ។

​សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះមានទីលំនៅ​ ភូមិ-ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល​ ខេត្តកោះកុង​។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ក្នុងនោះសមត្ថកិច្ចមានកងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​ ៤០២​ និងប៉ូលិស​​ស្រុកកំពង់សីលា​ អន្តរាគមន៍ជួយយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ រួចនាំយក​រថយន្ត​ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុក​កំពង់សីលាដើម្បីចាត់ការតាមនីតិវិធី។ 

​ករណីទី២-នៅវេលាម៉ោង៣ និង២០នាទី ទៀបភ្លឺថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតនៅក្នុងភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ៣A-០៩២៤ (អ្នកបើកបររត់គេចខ្លួន )មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ។ 

​លុះដល់ចំណុចខាងលើក៏បុកប៉ះបុរសអ្នកថ្មើរជើងម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង  ក្នុងនោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ។ រីឯវត្ថុតាង រថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab