adverise with khmeread 1

កែវ​យឺត​អវកាស Hubble រកឃើញ​កាឡាក់ស៊ី​ដ៏​ចំណាស់​មួយ​ដែល​បានកកើតឡើង​ក្រោយ​ប​ន្ទុះ​ប៊ី​ក​ប៊ែ​ង​

​ក្រុម​តារាវិទូ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​រកឃើញ​ក​ញ្ចំ​ផ្កាយ​កាឡាក់ស៊ី​មួយ​ដែល​បានកកើតឡើង ៤០០ លាន​ឆ្នាំ បន្ទាប់ពី​ប​ន្ទុះ​ប៊ី​ក​ប៊ែ​ង (Big Bang) ដែល​នេះ​ជា​កាឡាក់ស៊ី​ដ៏​សែនឆ្ងាយ​ជាងគេ​មួយទៀត​ដែល​ទើបតែ​រកឃើញ​។​

​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី​ដល់​ទៅ ១៣,៤ ពាន់​លាន​ឆ្នាំ​ពន្លឺ​នៅ​ចំ​ទិស​ក្រុម​ផ្កាយ Ursa Major កាឡាក់ស៊ី​ដែលមាន​ឈ្មោះថា GN-z11 នេះ​ត្រូវបាន​ប្រទះឃើញ​កាលពី​ពីរ​ឆ្នាំមុន​តាមរយៈ​ការ​ស្ទង់​មើល​ពន្លឺ​ទៅក្នុង​មេឃ​ដ៏​សែន​ជ្រៅ​តាម​កែវ​យឺត​អវកាស Hubble​។​

​នៅពេលនោះ ក្រុម​តារាវិទូ​បានដឹងថា ពួកគេ​បានឃើញ​អ្វីមួយ​ដែល​ស្ថិតនៅ​ដ៏​សែនឆ្ងាយ ដែល​អាចមាន​ចម្ងាយ​ដល់​ទៅ ១៣,៤ ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី​។​

​តាមរយៈ​ការសង្កេត​ជាមួយនឹង​ឧបករណ៍​របស់ Hubble ដែល​ញែក​សមាសភាគ​ពន្លឺ​ទៅជា​ចម្ងាយ​រវាង​រលក​ពីរ​នៃ​កម្លាំង​របស់​វា​បាន​លាតត្រដាង​ថា កាឡាក់ស៊ី GN-z11 គឺ​ស្ថិតនៅ​ឆ្ងាយ​ជាង​ការ​សន្ម​ត់​លើកដំបូង និង​បានកំណត់​អាយុ​នៃ​ការកកើត​របស់​កាឡាក់ស៊ី​នេះ​ថយក្រោយ ២០០ លាន​ឆ្នាំ​។​

​ក្រុម​តារាវិទូ ដែល​នឹង​ចុះផ្សាយ​ការស្រាវជ្រាវ​របស់​ពួកគេ​នៅលើ​ព្រឹត្តិប័ត្រ​ព័ត៌មាន The Astrophysical Journal នៅ​សប្តាហ៍​ក្រោយ បាន​និយាយថា ការដែល​អាច​ប្រើ​កែវ​យឺត Hubble ដើម្បី​កំណត់​ចម្ងាយ​របស់​កាឡាក់ស៊ី​ដែល​នៅ​ឆ្ងាយ​គឺជា​រឿង​ភ្ញាក់ផ្អើល​។​

​តារាវិទូ​លោក Pascal Oesch នៃ​សកល​វិទ្យាល័យ Yale បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា "​យើង​បាន​វិលត្រឡប់​ទៅ​ពេលវេលា​អតីតកាល​មួយ​ដ៏​សំខាន់ ដែល​លើសពី​អ្វីដែល​យើង​ធ្លាប់បាន​រំពឹងថា​នឹង​អាចធ្វើ​បានជា​មួយ​កែវ​យឺត Hubble ទៅទៀត​"​។​

​គន្លឹះ​ឈានទៅដល់​ការរកឃើញ​នេះ​គឺ​ការ​វាស់​នៃ​ការផ្លាស់ប្តូរ​ពន្លឺ​របស់​កាឡាក់ស៊ី​ទៅជា​ចម្ងាយ​រវាង​រលក​ពីរ​នៃ​កម្លាំង​ឲ្យ​ទៅជា​ពណ៌​ក្រហម​ក្រមៅ ដែល​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​ដោយផ្ទាល់​ថា​តើ​គ្រាប់​ពន្លឺ Photon ធ្វើដំណើរ​ឆ្ងាយ​ប៉ុនណា​មុននឹង​មកដល់​កែវ​យឺត Hubble​។​

​បាតុភូត​នេះ​គឺ​ស្រដៀង​ទៅនឹង​ការផ្លាស់ប្តូរ​សំឡេង​របស់​ស៊ី​ផ្លេ​រថភ្លើង​។​

​តារាវិទូ​លោក Garth Illingworth ជាមួយ​សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ​កាលី​ហ្វ​ញ៉ា​លោក Santa Cruz បាន​និយាយថា​បើទោះជា​វា​តូច​បើ​គិត​តាម​ស្តង់ដារ​កាឡាក់ស៊ី​បច្ចុប្បន្ន ក​ញ្ចំ​ផ្កាយ GN-z11 គឺ​ធំ​សម្បើម​បើ​គិតពី​ការកកើត​របស់​វា​នៅពេលដែល​ចក្រវាល​មាន​អាយុ​ទើបតែ​បី​ភាគរយ​។​

​លោក Illingworth បាន​និយាយថា "​យើង​កំពុង​ពិនិត្យមើល​ការកកើត​ដំបូង​របស់​កាឡាក់ស៊ី​មួយ​នេះ​។ វា​ពិតជា​អស្ចារ្យ​ដែល​កាឡាក់ស៊ី​ដ៏​ធំ​សម្បើម​បាន​កើតឡើង​ត្រឹមតែ ២០០ ទៅ ៣០០ លាន​ឆ្នាំ​បន្ទាប់ពី​ផ្កាយ​ដំបូង​បំផុត​ចាប់ផ្តើម​កកើត​"​។​

GN-z11 មាន​ម៉ាស​ប្រហែល​មួយ​ពាន់​លាន​ដង​ធំ​ជាង​ព្រះអាទិត្យ​របស់​យើង​។ កាឡាក់ស៊ី​នេះ​គឺ​ប្រហែលជា​តូច​ជាង​កាឡាក់ស៊ី​មី​គី​វេរ​បស់​យើង​ដល់​ទៅ ២៥ ដង ប៉ុន្តែ​វា​បញ្ចេញ​តារា​ថ្មីៗ​លឿន​ជាង​កាឡាក់ស៊ី​របស់​យើង​ដល់​ទៅ ២០ ដង​។​

​ក្រុម​តារាវិទូ​បាន​និយាយថា ពួកគេ​បាន​រំពឹង​បំបែក​កំណត់ត្រា​ចម្ងាយ​ថ្មី​បន្តទៀត​រហូតដល់​មាន​កែវ​យឺត​ជំនួស Hubble​។ គួរបញ្ជាក់​ផងដែរ​ថា កែវ​យឺត​ស្នង​របស់ Hubble គឺ​កែវ​យឺត​អវកាស​ថ្មី​ឈ្មោះ James Webb Space នឹងត្រូវ​បាញ់​បង្ហោះ​ទៅក្នុង​ដង​តារាវិថី​ក្នុង​ឆ្នាំ ២០១៨ ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ Reuters,Dailymail

មតិយោបល់