adverise with khmeread 1

FIFA ប្រកាស​ពី​ធ្វើតេស្ត​បច្ចេកវិជ្ជា​ជំនួយការ​វីដេអូ​មុន​រដូវ​កាល ២០១៧/១៨ ចាប់ផ្តើម​

​ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ​ឬ​ហៅ​កាត់​ថា IFAB បានប្រកាសថា​ជំនួយការ​អាជ្ញាកណ្តាល​ជា​វីដេអូ​ឬ Video Assistant Referees នឹងត្រូវ​បានធ្វើ​តេស្ត​មុន​រដូវ​កាល ២០១៧/១៨ ចាប់ផ្តើម​។​

​សហព័ន្ធ​បាល់ទាត់​មួយ​និង​សមាគមជាតិ​ចំនួន ១២ បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការប្រើ​បច្ចេកវិជ្ជា​នេះ​អំឡុង​ការធ្វើ​តេស្ត​។​

​សារព័ត៌មាន BBC បាន​រាយការណ៍​ថា បច្ចេកវិជ្ជា​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​ការកាត់ក្ដី​ដូចជា​គ្រាប់​បាល់ ការសម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី កាត​ក្រហម និង​ករណី​ច្រឡំ​អត្តសញ្ញាណ​ជាដើម​។​

​បច្ចេកវិទ្យា​នេះ​នឹងត្រូវ​នាំយកមក​ប្រើ​នៅពេលដែល​អាជ្ញាកណ្តាល​ស្នើសុំ​វា ឬក៏​នៅពេលដែល Video Assistant ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ឲ្យ​ធ្វើការ​ឆែក​មើល​ឧប្បត្តិហេតុ​ម្តងទៀត​។​

​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​និយាយ​ចំពោះ​ការសម្រេចចិត្ត​នេះ​ថា "​យើង​មិនអាច​បិទ​ភ្នែក​របស់​យើង​ទៅកាន់​អនាគត​នោះទេ ប៉ុន្តែ​មិនមែន​បានន័យថា​បច្ចេកវិជ្ជា​នេះ​នឹង​ដំណើរ​ដូច​ចិត្ត​នោះទេ​"​។​

​គាត់​បាន​បន្តទៀតថា "​បច្ចេកវិជ្ជា​ថ្មីៗ​សម្រាប់​ការប្រកួត​គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​។ យើង​មិនអាច​បណ្តែតបណ្តោយ​ឱ្យ​បច្ចេកវិជ្ជា​នេះ​ស្លាប់​ទៅវិញ​នោះទេ​។ ហេតុនេះហើយ យើង​ត្រូវតែ​បើកទូលាយ​ដល់​ការធ្វើ​តេស្ត​នេះ​"​។​

​អង្គភាព​ពាក់ព័ន្ធ​ក៏​នឹងធ្វើ​តេស្ត​ផ្តល់​កាត​លឿង​ដែល​បង្អាក់​ឱកាស​រក​គ្រាប់​បាល់​នៅក្នុង​តំបន់​ប៉េ​ណា​ល់​ទី​ផងដែរ​។ នេះ​អាច​មានន័យថា​ការពិន័យ​ផ្ទួនៗ​នៃ​បាល់​ប៉េ​ណា​ល់​ទី​និង​កាត​ក្រហម​នឹងមិន​កើតឡើង​តទៅទៀត​ទេ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់