សន្តិសុខយាមរបងផ្ទះមហាសេដ្ឋីម្នាក់នេះតែងគិតថាចៅហ្វាយគាត់ជាមនុស្សគ្មានចិត្តបំផុត ក្រោយ៣០ឆ្នាំទើបដឹងរឿងមិននឹកស្មានដល់បំផុតមួយ

រឿងនិទានខ្លី ៖ កាលពី៣០ឆ្នាំមុនខ្ញុំធ្វើការជាសន្តិសុខយាមឱ្យគ្រួសារអ្នកមានស្តុកស្តម្ភមួយ។ ហាក់មានរឿងចម្លែកនៅផ្ទះមួយនោះ។ រៀងរាល់ព្រឹក ខ្ញុំបើកទ្វារផ្ទះ និង ទ្វាររថយន្តជូនចៅហ្វាយរបស់ខ្ញុំ និងស្វាគមន៍រាក់ទាក់គាត់ជានិច្ច។ ប៉ុន្តែគាត់មិនដែលឆ្លើយតបសូម្បីមួយម៉ាត់ចំពោះការរាក់ទាក់របស់ខ្ញុំ។ 

គ្រួសារអ្នកមាននេះធ្វើពិធីជប់លៀងញឹកញាប់ និងបន្សល់អាហារយ៉ាងច្រើនក្រោយចប់ពិធីម្តងៗ។ គ្រួសារខ្ញុំក្រីក្រខ្លាំងណាស់ ដូច្នេះក្រោយមកខ្ញុំបានកើបយកអាហារសល់ទាំងនោះទៅផ្ទះ។ 

ថ្ងៃមួយចៅហ្វាយរបស់ខ្ញុំឃើញខ្ញុំកកាយមើលថង់សំរាមក្បែរផ្ទះបាយ។ ដូចសព្វមួយដងចឹង គាត់មិននិយាយសូម្បីមួយម៉ាត់។ ថ្ងៃបន្ទាប់ ខ្ញុំបានឃើញថង់ស្អាតពោរពេញដោយម្ហូបឆ្ងាញ់និងផ្លែឈើស្រស់នៅក្បែរតំបន់ដាក់សំរាម។ ដោយមិនបានគិតអីច្រើន ខ្ញុំក៏ប្រមូលអាហារទាំងនោះទៅផ្ទះ។ 

ចាប់តាំងពីថ្ងៃនោះមក គឺមានថង់អាហារឆ្ងាញ់បែបនេះរាល់ថ្ងៃដាក់នៅកន្លែងដដែល ហើយខ្ញុំអាចយកវាទៅផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់។ 

បន្ទាប់មក នៅថ្ងៃមួយអ្វីៗបានប្រែប្រួលអស់រលីង។ ខ្ញុំពិតជាតក់ស្លុតណាស់ដែលដឹងថា ចៅហ្វាយខ្ញុំបានស្លាប់ដោយសារគាំងបេះដូង។ 

បន្ទាប់ពីនោះមក លែងមានថង់អាហារឆ្ងាញ់ៗដាក់ក្បែរធុងសំរាមតទៅទៀត។ ខ្ញុំទៅឆែកមើលក្បែរធុងសំរាមរាល់ថ្ងៃ តែពុំមានអាហារទេ។ 

ខ្ញុំពិតជាខកចិត្តណាស់ ហើយជាថ្មីម្តងទៀត ខ្ញុំជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំបានសុំប្រពន្ធរបស់ចៅហ្វាយខ្ញុំឡើងប្រាក់ខែ។ 

លោកស្រីចៅហ្វាយភ្ញាក់ផ្អើល តែយល់ពីអារម្មណ៍របស់ខ្ញុំ ហើយសួរថា "ម៉េចក៏ពូមិនព្រមទារដំឡើងប្រាក់ខែឱ្យបានឆាប់?"។ 

លោកស្រីបានសួរទាំងបារម្ភថា "ឥឡូវម៉េចបានជានៅសុខៗពូសុំដំឡើងប្រាក់ខែចឹង?"។ 

ខ្ញុំបានរកលេសច្រើនណាស់និយាយជាមួយគាត់ ប៉ុន្តែចុងក្រោយខ្ញុំក៏សម្រេចចិត្តប្រាប់ការពិតដល់ចៅហ្វាយស្រី។ ខ្ញុំបានប្រាប់ចៅហ្វាយស្រីអំពីថង់អាហារឆ្ងាញ់ៗនៅក្បែរធុងសំរាម និងរបៀបដែលអាហារទាំងនោះបានជួយចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ 

ក្រោយប្រាប់ដូច្នេះ លោកស្រីហាក់បង្ហាញទឹកមុខធូរស្បើយក្នុងចិត្ត។ 

ចៅហ្វាយស្រីសួរខ្ញុំថា "ចឹងថង់អាហារទាំងនោះលែងមានបន្ទាប់ពីប្តីខ្ញុំចែកឋានមែនទេ?"។ 

ខ្ញុំពេលនោះភ្ញាក់ព្រឺត ដែលទើបដឹងអំពីរឿងនេះ។ តាមពិតគឺចៅហ្វាយប្រុសខ្ញុំសោះដែលយកអាហារទុកនៅទីនោះសម្រាប់ខ្ញុំ។ គាត់មើលទៅមុខកាច និងគំរោះគំរើយណាស់ រហូតដល់ថ្នាក់ខ្ញុំមិនដែលនឹកស្មានថាគាត់ជាមនុស្សល្អបែបនេះ។ 

ចៅហ្វាយស្រីរបស់ខ្ញុំភ្លាមនោះចាប់ផ្តើមយំ។ ហើយខ្ញុំបាននិយាយទៅគាត់ថា "ខ្ញុំសុំទោសចៅហ្វាយស្រី ខ្ញុំមិនគួរសុំដំឡើងប្រាក់ខែទេ"។ 

លោកស្រីចៅហ្វាយឆ្លើយតបវិញថា "ខ្ញុំយំដោយសារហេតុផលផ្សេងទេ។ ពូគឺជាមនុស្សទី៧ដែលគាត់បានផ្តល់ថង់អាហារឱ្យ"។

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមទទួលបានថង់អាហារឆ្ងាញ់ជាថ្មីម្តងទៀតរៀងរាល់ថ្ងៃ។ ប៉ុន្តែលើកនេះគឺកូនប្រុសរបស់គាត់ទេជាអ្នកយកអាហារទាំងនោះមកដល់ផ្ទះខ្ញុំតែម្តង។ 

ដូចឪពុករបស់គាត់ចឹងដែរ គឺគាត់មិនដែលឆ្លើយតបនឹងខ្ញុំទេ នៅពេលខ្ញុំនិយាយអរគុណ។ 

ថ្ងៃមួយ ខ្ញុំបានស្រែកខ្លាំងៗថា "អរគុណខ្លាំងណាស់"។ 

ចៅហ្វាយតូចតបវិញថា "ឱ្យខ្ញុំសុំទោស កុំប្រកាន់ខ្ញុំអី។ ខ្ញុំធ្ងន់ត្រចៀកដូចឪពុកខ្ញុំចឹង ស្តាប់មិនសូវឮទេ"។

ក្រោយឮដូច្នេះ ខ្ញុំរកពាក្យនិយាយលែងរួច ហើយបេះដូងរបស់ខ្ញុំគឺពោរពេញទៅដោយភាពសោកស្តាយនិងដឹងគុណចៅហ្វាយធំនិងចៅហ្វាយតូចជាពន់ពេក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...