adverise with khmeread 1..

តំបន់ Yap នៃ​រដ្ឋ​សហព័ន្ធ​មីក្រូ​នេ​ស៊ី​ជា​កន្លែង​សក្តិសម​បំផុត​សម្រាប់អ្នកទេសចរ​បែប​ផ្សេង​ព្រេង​និង​ចូលចិត្ត​មុជទឹក​សមុទ្រ​

​    ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​រដ្ឋ​សហព័ន្ធ​មីក្រូ​នេ​ស៊ី (Federated States of Micronesia) តំបន់​យ៉ាប (Yap) គឺជា​កោះ​វប្បធម៌​ចុងក្រោយ​គេ​បំផុត​មួយ​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច ដែល​នៅតែ​អាច​ទប់ទល់​បាន​នឹង​លំហូរ​ចូល​នៃ​ប្រពៃណី​បែប​លោកខាងលិច​សម័យ​ទំនើប​។ ក្នុងសម័យ​មុនពេល​ពួក​អឺរ៉ុប​បាន​រកឃើញ​រដ្ឋ​ប្រជុំ​កោះ​ដែលមាន​កោះ​សរុប​ទាំងអស់​ចំនួន ១៩ នេះ​ក្នុង​សតវត្សរ៍​ទី ១៦ ស្ត្រីៗ​ដែល​ព្រលែង​ដោះ​និយម​ស្លៀកសំពត់​ប្រពៃណី​ធ្វើ​ពី​ស្មៅ ហើយ​ទាំង​បុរស​ទាំង​ស្ត្រី​នាំគ្នា​ទំពារ​ម្លូ សម្បូរ​ជាតិ​នីកូទីន​ដែល​ធ្វើ​ឲ្យ​បបូរមាត់​ឡើង​ក្រហម​។ ក្រៅពី​អ្នក​កោះ​ដែល​ព្រលែង​ចេញ​ដោះ​ទាំង​ដុល​នេះ ទេសភាព​ដែល​គេ​និយម​មក​ថត​បំផុត​គឺ​លុយ​ដុំថ្ម ហៅថា រ៉ៃ (Rai) ដែល​តម្រៀបជួរ​គ្នា​ត្រៀបត្រា​តាមផ្លូវ និង​មាន​ប្រវែង​អង្កត់ផ្ចិត​រហូត​ទៅ ៣ ម៉ែត្រ​។ តម្លៃ​របស់​លុយ​ដុំថ្ម​ទាំងនេះ​គឺ​ត្រូវបាន​កំណត់ដោយ​ទំហំ មាឌ និង​ភាពលំបាក​នៃ​ការជួញដូរ​របស់​វា​។ 

​    ​លុយ​សម័យ​ទំនើប​ក៏​ត្រូវបាន​ប្រើប្រាស់​ដែរ ប៉ុន្តែ​វា​មិន​សំខាន់​ចំពោះ​អ្នករស់នៅ​តំបន់​យ៉ាប ដែល​បាន​បដិសេធ​សំណើ​របស់​ជប៉ុន​ក្នុងការ​សាងសង់​រមណី​យ​ដ្ឋា​ន​លំដាប់ថ្នាក់​លេខ ១ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនឡើងៗ ព្រមទាំង​ចំណូល មកកាន់​កោះ​ដ៏​ស្ងប់​សុខ​របស់​ពួកគេ​នោះឡើយ​។ អ្នកទេសចរ​ភាគច្រើន​ក្នុងចំណោម​អ្នកទេសចរ​ដ៏​តិចតួច​បំផុត ដែល​បានមក​តំបន់​យ៉ាប​គឺជា​អ្នក​ដែល​ចូលចិត្ត​មក​មុជទឹក​មកពី​ប៉ែក​អឺរ៉ុប​។ ពួកគេ​មកដល់​ភ្លាម​គឺ​ឆ្ពោះទៅ​កន្លែង​មុជទឹក​ភ្លែត ព្រោះ​យ៉ាប​គឺជា​គោលដៅ​មុជទឹក​ដ៏​កំពូល​មួយ​របស់​ពិភពលោក ដែល​ទឹក​មើលទៅ​ឃើញ​យ៉ាងច្បាស់​មិនគួរ​ឲ្យ​ជឿ​ពេល​ហែល​ទឹក​ជាមួយ​ត្រី​ប្របែល​យក្ស​ហៅថា Manta Ray ទម្ងន់ ៤៥៣ គីឡូក្រាម​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​។ ជាមួយនឹង​ព្រុយ​លាតសន្ធឹង​ប្រវែង ៣ ទៅ ៦ ម៉ែត្រ ត្រី​ប្របែល​យក្ស​ដ៏​គួរ​ឲ្យ​ខ្លាច​ទាំងនេះ​ពុំ​បង្ក​ការគំរាមកំហែង​ណាមួយ​ដល់​អ្នក​មុជទឹក​នោះឡើយ (​ខុសពី​ត្រី​ប្របែល​យក្ស​ឈ្មោះ Stingray)​។ ត្រី​ទាំងនេះ​តែង​វិលត្រឡប់​ទៅ​ចំណុច​ដូចដើម​រាល់ថ្ងៃ ជាក់ស្តែង​គឺ​ទៅ​កន្លែង​ដែលមាន​វត្តមាន​អ្នក​មុជទឹក​ច្រើនៗ​។ នៅ​រដូវ​បង្កាត់​ពូជ (​ចុងខែ​វិច្ឆិកា​រហូតដល់​ខែមីនា​) ត្រី​ប្របែល​ញី​នាំគ្នា​ហែល​បង្វិល​ជុំវិញខ្លួន​វា​លើ​ផ្ទៃ​ទឹក ដោយ​ទាក់ទាញ​អា​ឈ្មោល​បាន ១៥ ក្បាល ឬ​ច្រើនជាង​នេះ​។ 

​    ​ដើម្បី​ស្វែង​រកមើល​ត្រី​ប្របែល និង​សត្វ​រស់នៅក្នុង​ទឹក​ដទៃទៀត សូម​ទាក់ទង​ទៅ​លោក Bill Acker បុគ្គលិក​អង្គការ Peace Corps ដើមកំណើត​នៅ​រដ្ឋ​តិច​សាស់ ដែល​បាន​មកដល់​តំបន់​យ៉ាប​នេះ​តាំងពី​ទសវត្សរ៍ ១៩៨០ និង​បាន​ស្នាក់នៅ​ដើម្បី​បង្កើត​ឧស្សាហកម្ម​មុជទឹក​ក្នុងស្រុក​ដំបូងបង្អស់​។ លោក​បាន​សង់​សណ្ឋាគារ Manta Ray Bay Hotel ទល់មុខ​កំពង់ផែ​សមុទ្រ ដែលមាន​កន្លែង​ផលិត​ស្រា​បៀរ​ខ្នាតតូច​ផ្ទាល់ខ្លួន និង​ជា​ប្រតិបត្តិ​ករ​ផ្នែក​មុជទឹក​ល្អ​ដាច់​គេ​នៅក្នុង​រដ្ឋ​កោះ​មួយ​នេះ​៕ 

ទេសភាព​ជារួម​របស់​រដ្ឋ​យ៉ាប​នៃ រដ្ឋ​សហព័ន្ធ​មីក្រូ​នេ​ស៊ី

រដ្ឋ​យ៉ាប (Yap) គឺជា​ទីកន្លែង​ដែល​រក្សាបាន​នូវ​វប្បធម៌​បែប​លើ​កោះ បានល្អ​គង់វង្ស​បំផុត​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​

លុយដុំ​ថ្ម ហៅថា Rai

អ្នកទេសចរ​ភាគច្រើន​គឺជា​អ្នក​មុជទឹក ដែល​ចូលចិត្ត​មក​មុជ​ជាមួយនឹង​ត្រី​ប្របែល​យក្ស​ស្លូត​ហៅថា Manta Ray

សណ្ឋាគារ Manta Ray Bay Hotel


ព័ត៌មាន​បន្ថែម​៖ 
- ទីកន្លែង​: ៨៥០ គីឡូម៉ែត្រ​ពី​ភាគ​ពាយ័ព្យ​កោះ​ហ្គា​ម (Guam)​។ 
- សណ្ឋាគារ Manta Ray Bay Hotel: ទូរស័ព្ទ 691/350-2300; www.mantaray.com​។ តម្លៃ​: ចាប់ពី ២៦០ ដុល្លារ​ឡើងទៅ​; ការ​មុជទឹក​ក៏​អាច​រកបាន​ផងដែរ​។​
- ពេលវេលា​ល្អ​បំផុត​: ខែវិច្ឆិកា​-​មីនា សម្រាប់​រដូវក្តៅ​ស្ងួត នៅពេល​ត្រី​ប្របែល​បង្កាត់​ពូជ ហើយ​ក្រោម​ទឹក​មើលឃើញ​ច្បាស់​ល្អ​; ថ្ងៃទី ១-២ ខែមីនា សម្រាប់​ពិធីបុណ្យ​របាំ​នៅ​តំបន់​យ៉ាប​។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់