អ្នក​វិទ្យាសាស្ត្រនិយាយថា DNA អាចនឹងព្យាករណ៍ដឹងថាមនុស្សអាចរស់បានយូរឬឆាប់

ក្រុមអ្នកស្រាវជ្រាវអាចនឹងព្យាករណ៍ដឹងថាតើមនុស្សម្នាក់អាចរំពឹងរស់បានយូរឬឆាប់ស្លាប់ ដោយមើលលទ្ធផល DNA។ នេះបើយោងតាមការសិក្សាមួយចេញផ្សាយកាលពីថ្ងៃអង្គារទី១៥មករាដោយសាកលវិទ្យាល័យអេឌីនបឺក។

ក្រុមការងារមួយដឹកនាំដោយវិទ្យាស្ថានយូសឺរបស់សាកលវិទ្យាល័យនេះបានពិនិត្យមើលទិន្នន័យហ្សែនពីមនុស្សជាងកន្លះលាននាក់រួមជាមួយកំណត់ត្រាអំពីអាយុជីវិតរបស់ឪពុកម្តាយពួកគេ។

ផ្នែកចំនួន១២នៃហ្សែនតំណពូជរបស់មនុស្សត្រូវបានកំណត់ថាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអាយុជីវិតរួមទាំងទីតាំងចំនួន៥ដែលមិនទាន់រាយការណ៍ពីមុនមក។ ក្រុមនេះបានវិភាគទៅលើឥទ្ធិពលនៃការប្រែប្រួលហ្សែនដែលមានឥទ្ធិពលលើអាយុជីវិតដើម្បីបង្កើតប្រព័ន្ធពិន្ទុមួយ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានពិន្ទុខ្ពស់ក្នុងចំណោមមនុស្សលំដាប់កំពូលទាំង១០ភាគរយរំពឹងរស់នៅយូរជាង៥ឆ្នាំធៀបនឹងអ្នកដែលស្ថិតក្នុងក្រុមមនុស្សលំដាប់ទាបបំផុតទាំង ១០ ភាគរយ។

លោក Peter Joshi អ្នកស្រាវជ្រាវនៅវិទ្យាស្ថានយូសឺ បាននិយាយថា "ប្រសិនបើយើងយកមនុស្សទើបកើតឬកើតរួចរាងយូរដែរ ១០០ នាក់និងប្រើពិន្ទុអាយុជីវិតរបស់យើងដើម្បីបែងចែកពួកគេទៅជា ១០ ក្រុម នោះក្រុមកំពូលនឹងរស់នៅយូរជាងក្រុមបាតតារាង ៥ ឆ្នាំ"។

ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី eLife៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...