ខណៈចិនកំពុងស្រាវជ្រាវនៅឋានព្រះចន្ទ ឥឡូវអឺរ៉ុបក៏បង្ហាញផែនការរុករករ៉ែនៅលើឋានព្រះចន្ទដែរ

ផែនការសម្រាប់សង់មូលដ្ឋានរបស់អឺរ៉ុបនៅលើឋានព្រះចន្ទបានបោះជំហានទៅមុខយ៉ាងសំខាន់។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្ហើបឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាជួលក្រុមហ៊ុនបង្កើតរ៉ុក្កែតឈ្មោះ ArianeGroup ដើម្បីបង្កើតផែនការសម្រាប់សង់មូលដ្ឋានលើឋានព្រះចន្ទ ដែលអាចប្រើដើម្បីជីកយករ៉ែពីផ្ទៃព្រះចន្ទ។

គម្រោងនេះនឹង "ពិនិត្យមើលលទ្ធភាពនៃការធ្វើដំណើរទៅកាន់ឋានព្រះចន្ទនៅមុនឆ្នាំ ២០២៥ ហើយនឹងចាប់ផ្តើមធ្វើការនៅទីនោះ" ហើយវាអាចនឹងបង្កឱ្យមានការប្រណាំងប្រជែងនៅទីអវកាសជាថ្មី នៅពេលប្រទេសនានាប្រញាប់ប្រញាល់ដើម្បីទាញយកប្រភពធនធាននៅឋានព្រះចន្ទ។

កិច្ចសន្យារយៈពេលមួយឆ្នាំនេះគឺមានគោលបំណងដើម្បីជីកយករ៉ែរជ្ជៈសីលានៅលើផ្ទៃព្រះចន្ទ។

ទីភ្នាក់ងារអវកាសអឺរ៉ុបនិយាយថា "ខណៈដែល ESA និងទីភ្នាក់ងារផ្សេងៗទៀតរៀបចំដើម្បីបញ្ជូនមនុស្សទៅភពព្រះចន្ទ ដែលពេលនេះគឺដើម្បីស្នាក់នៅ បច្ចេកវិជ្ជាជាច្រើន ដែលប្រើវត្ថុធាតុដើមអាចរកបាននៅក្នុងលំហអាកាស (ការប្រើប្រាស់ធនធាននៅនឹងកន្លែង) ត្រូវបានគេមើលឃើញថាជាគន្លឹះនៃនិរន្តភាពនិងជាជំហានប្រវត្តិសាស្ត្រក្នុងការផ្សងព្រេងរបស់មនុស្សទៅកាន់ភពព្រះអង្គារនិងទៅកាន់ទីជ្រៅៗនៃប្រព័ន្ធសុរិយគតិ។ ក្នុងរយៈពេលវែង ធនធាននៅក្នុងទីអវកាសអាចត្រូវបានប្រើសូម្បីតែនៅលើផែនដី"។ 

ESA បាននិយាយថា "រជ្ជៈសីលាគឺជារ៉ែមួយដែលគេអាចទាញយកទឹកនិងអុកស៊ីសែនពីវាបាន ដូច្នេះវានឹងជួយជំរុញឱ្យមានវត្តមានរបស់មនុស្សដោយឯករាជ្យនៅលើឋានព្រះចន្ទ និងជំរុញនូវសមត្ថភាពផលិតប្រេងត្រូវការចាំបាច់សម្រាប់បេសកកម្មរុករកទីឆ្ងាយៗ"។

គួរបញ្ជាក់ដែរថា ចិនបានបញ្ជូនយានស្រាវជ្រាវឋានព្រះចន្ទកាលពីដើមខែមករា និងថែមទាំងសាកដាំរុក្ខជាតិនៅលើនោះទៀតផង តែរុក្ខជាតិនោះរស់បានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...