ទិញថ្នាំញៀនពីម្តុំវាលខ្សាច់ចាក់អង្រែម្តង២០០ដុល្លារមកលក់បន្តត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះបាន២នាក់

កណ្តាល  ៖ ប៉ូលិសស្រុកស្អាងបានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ២០១៩ វេលាម៉ោង៤ និង០៥នាទីល្ងាចនៅចំណុច បន្ទប់ជួលរបស់ឈ្មោះ លឹម ស៊ុនឡេង ស្ថិតក្នុងភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមាន ១-ឈ្មោះ លឹម ស៊ុនឡេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និង២ -ឈ្មោះ រុន បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

​វត្ថុតាងចាប់យករួមមាន​ ១ -ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ១០កញ្ចប់, ២ - ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង និង៣ -សម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ លឹម ស៊ុនឡេង និងឈ្មោះ រុន បូរ៉ា។ 

ដោយមានការចូលរួមពីលោក មេភូមិកំពង់ព្រីង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ជួលឈ្មោះ លឹម ស៊ុនឡេង បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១២កញ្ចប់ក្នុងនោះ ធំ ០២កញ្ចប់, តូច ១០កញ្ចប់​, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលសិត្បូ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ លឹម ស៊ុនឡេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ ២០០ដុល្លារអាមេរិក ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុងមួយកញ្ចប់តូច តម្លៃ ០២ម៉ឺនរៀល។ 

ចំណែកឈ្មោះ រុន បូរ៉ា បានសារភាពថា ខ្លួនបានជួយលក់គ្រឿងញៀន (ម៉ាទឹកកក) ឱ្យឈ្មោះ លឹម ស៊ុនឡេង រយៈពេលជិត១ខែហើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕


 

adverise with khmeread