ទីភ្នាក់ងារសុខភាពជាតិរបស់បារាំង Anses និយាយថា ខ្លួនបានរកឃើញសារធាតុគីមីក្នុងខោទ្រនាប់ទឹកនោមទារក ដែលលើសពីកម្រិតសុវត្ថិភាព។ នេះបើយោងតាម BBC ចេញផ្សាយកាលពីថ្ងៃពុធ។
ការធ្វើតេស្តរកឃើញកម្រិតខ្ពស់ជាងកម្រិតសុវត្ថិភាព សម្រាប់សារធាតុដែលមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងកម្រិតទាបនៃសារធាតុផ្សេងទៀតរួមទាំងជាតិពុលឈ្មោះ Weedkiller Glyphosate។
ទីភ្នាក់ងារ Anses បាននិយាយថាការធ្វើតេស្តខោទឹកនោមកូនក្មេងរបស់ខ្លួន គឺជាការធ្វើតេស្តលើកដំបូងបង្អស់នៅក្នុងពិភពលោក។
ទីភ្នាក់ងារនេះបានអំពាវនាវឱ្យមានចំណាត់ការឆាប់រហ័សលើ "ដោយពិចារណាទៅលើហានិភ័យ ដែលសារធាតុគីមីទាំងនេះ" អាចដាក់មកលើទារក។
លោកស្រី Agnès Buzyn រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងបានថ្លែងថា វាមិនទាន់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬហានិភ័យភ្លាមៗចំពោះសុខភាពទារកនៅឡើយទេ។
លោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ពិតណាស់យើងគួរបន្តស្លៀកខោទ្រនាប់ទឹកនោមដល់ទារករបស់យើង។ យើងបានធ្វើដូច្នេះអស់រយៈពេលយ៉ាងហោចណាស់ ៥០ ឆ្នាំមកហើយ"។
ប៉ុន្តែសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងហិរញ្ញវត្ថុបាននិយាយថា រដ្ឋាភិបាលបារាំងបានផ្តល់ពេលឱ្យគ្រប់រោងចក្រផលិតខោទ្រនាប់ទឹកនោមកូនក្មេង ១៥ ថ្ងៃ ដើម្បីបង្កើតផែនការសកម្មភាពមួយដើម្បីលុបបំបាត់សារធាតុពុលទាំងនោះ។
លោកស្រី Buzyn បាននិយាយថា រដ្ឋាភិបាលនឹងទទួលយកការពន្យារពេលរហូតដល់ ៦ ខែសម្រាប់រោងចក្រទាំងនោះផ្លាស់ប្តូរវិធីសាស្ត្រផលិត៕
