4 entrepreneurial lessons

មេរៀនសហគ្រិនភាពចំនួន ៤ ដែលអ្នកអាចរៀនពីអតីតតារាបាល់បោះ ម៉ៃឃើល ចូឌែន

នៅពេលមនុស្សភាគច្រើនគិតអំពីលោកម៉ៃឃើល ចូឌែន (Michael Jordan) ពួកគេនឹកឃើញទៅដល់អត្តពលិកមួយរូប។ បន្ទាប់មក យើងនាំគ្នានិយាយអំពីកីឡាករបាល់បោះឆ្នើមបំផុតដែលមិនធ្លាប់មានក្នុងកីឡាបាល់បោះរូបនេះ។ គាត់បានបញ្ចប់អាជីពរបស់គាត់ជាមួយនឹងជើងឯក NBA ៦ លើក ពានរង្វាន់ MVP ចំនួន ៥ ជាប់ក្នុងតារាសម្រិតសម្រាំងទាំង ១១ នាក់ ឈ្នះមេដាយមាសអូឡាំពិក ២ គ្រឿង និង បញ្ជីនៃស្នាដៃដ៏វែងផ្សេងទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា លោកចូឌែនបានចាប់ផ្តើមលេងបាល់បោះអាជីពនៅអាយុ ៣១ ឆ្នាំ។ លោកបានលេងចំនួន ១២៧ ប្រកួតឲ្យក្រុមកីឡាបេហ្ស៍ប័ល (Baseball) Birmingham Barons នៃក្របខណ្ឌតូចតាច Southern League មុនពេលសម្រេចចិត្តប្តូរអាជីពមកលេងកីឡាបាល់បោះវិញ។ នេះមិនមែនជាអ្វីមួយ ដែលរាល់អត្តពលិកចេះតែអាចធ្វើការសម្រេចចិត្តបាននោះឡើយ។ ប៉ុន្តែ លោកចូឌែនអាចធ្វើរឿងនេះបាន ហើយមិនដែលបោះបង់ក្តីស្រមៃដើម្បីជោគជ័យក្នុងកីឡាមួយនេះឡើយ។

ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមមើលលើរាល់ស្នាដៃ ជើងឯក ពាននានា និងស្ថិតិ អ្នកនឹងបានដឹងថា លោកម៉ៃឃើល ចូឌែនមានសមត្ថភាពកំពូលលើសពីភាពជាអ្នកកីឡាករបាល់បោះទៅទៀត ដោយរូបលោកក៏ជាអ្នកជំនួញដ៏ប៉ិនប្រសព្វមួយរូបផងដែរ។ ទស្សនាវដ្តី Forbes បានព្យាករណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានតម្លៃ ១ ពាន់លានដុល្លារ ដោយសារតែភាពជាម្ចាស់របស់លោកមួយផ្នែកលើក្រុមបាល់បោះ Charlotte Hornets និង កិច្ចព្រមព្រៀងផ្នែកទីផ្សារជាច្រើន ដែលនាំមកនូវប្រាក់ចំណូលប្រចាំឆ្នាំ ១០០ លានដុល្លារពីក្រុមហ៊ុនម៉ាកល្បីលើសកលលោកដូចជា Nike, Gatorade និង Hanes ជាដើម។ លោកចូឌែនក៏មានភោជនីយដ្ឋានផ្ទាល់ខ្លួន ៧ កន្លែង និង ហាងលក់ឡានមួយកន្លែង ហើយលោកក៏កំពុងចូលហ៊ុនរកស៊ីផ្សេងៗជាច្រើនទៀតផងដែរ។ 

ចាំច្បាស់ហើយឬនៅ? លោកចូឌែនមិនត្រឹមតែជាកំពូលកីឡាករអស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ​ តែគាត់ថែមទាំងជាអ្នកជំនួញដ៏ប៉ិនប្រសព្វបំផុតក្នុងសតវត្សរ៍ទី ២១ នេះផងដែរ។ ក្នុងនាមជាសហគ្រិន មានមេរៀនច្រើនណាស់ដែលត្រូវរៀនពីសម័យកាលរបស់គាត់ទាំងនៅក្នុង និងក្រៅទីលានប្រកួត។ តោះនាំគ្នាមើលមេរៀនមួយចំនួនដូចខាងក្រោមនេះទាំងអស់គ្នា៖

១- អ្នកត្រូវតែមានបំណងក្លាយជាមនុស្សអស្ចារ្យ
អតីតទីប្រឹក្សាជំនួញមួយរូបរបស់លោកចូឌែន គឺលោក អ៊ែនឌ្រូ វ៉លធឺ (Andrew Walters) បាននិយាយថា "នៅពេលអ្នកនៅក្បែរម៉ៃឃើលឲ្យបានច្រើន នោះអ្នកនឹងដឹងខ្លួនយ៉ាងលឿនថា ការឡើងទៅដល់ទីកំពូលរបស់គាត់មិនមែនជារឿងចៃដន្យនោះទេ។ ខ្ញុំបានអង្កេតមើលស្តាយដឹកនាំរបស់គាត់ ការគិតដ៏រវៀសរវៃរបស់គាត់ និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់គាត់ដើម្បីក្លាយជាមនុស្សអស្ចារ្យ"។ 

មានការយល់ខុសទូទៅថា មនុស្សជោគជ័យអាចក្លាយជាមនុស្សអស្ចារ្យដោយចៃដន្យ។ ខណៈដែលការលើកឡើងនេះអាចយកទៅផលិតជារឿងហូលីវូដដ៏ល្អមួយនោះ ការលើកឡើងនេះកម្រជារឿងពិតខ្លាំងណាស់។ មនុស្សជោគជ័យមានគោលបំណងស្វែងរកភាពអស្ចារ្យ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទៅដល់ទីនោះ។ ក្នុងករណីរបស់លោកចូឌែនវិញ លោកមានទេពកោសល្យដ៏អស្ចារ្យពីកំណើតដើម្បីផ្គូរផ្គងជាមួយនឹងបំណងប្រាថ្នារបស់គាត់ ប៉ុន្តែបំណងប្រាថ្នារបស់គាត់ទេ ដែលជម្រុញឲ្យលោកបញ្ចេញទេពកោសល្យអស់ពីខ្លួនរបស់គាត់។ 

២- អ្នកត្រូវតែងើបឡើងពីបរាជ័យ
វាជារឿងចាស់ទេ តែវាសមនឹងត្រូវលើកឡើងមកនិយាយម្តងហើយម្តងទៀត។ តើអ្នកមានដឹងទេថា លោកម៉ៃឃើល ចូឌែនត្រូវបានគេកាត់ចេញពីក្រុមបាល់បោះជម្រើសវិទ្យាល័យ នៅពេលដែលលោកទើបតែសាកល្បងជាលើកទីមួយ? គ្រូបង្វឹករបស់គាត់បានប្រាប់គាត់ថា​ គាត់មិនទាន់ល្អគ្រប់គ្រាន់ដើម្បីលេងបាល់បោះឲ្យវិទ្យាល័យនោះទេ។ 

ក្នុងក្របខណ្ឌ NBA ក៏អ៊ីចឹងដែរ គឺមិនមែនចេះតែទទួលបានជោគជ័យរហូតនោះទេ។ 

លោកចូឌែនធ្លាប់បាននិយាយយ៉ាងល្បីល្បាញថា "ខ្ញុំស៊ុតខុសជាង ៩០០០ ដងក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំចាញ់ជិត ៣០០ ប្រកួត។ ខ្ញុំធ្លាប់ជឿជាក់ថាអាចស៊ុតគ្រាប់ជ័យជម្នះបាន​ តែខ្ញុំស៊ុតខុសទីដល់ទៅ ២៦ លើកក្នុងគ្រាប់សម្រេចជោគជ័យទាំងនោះ។ ខ្ញុំបរាជ័យម្តងហើយម្តងទៀតក្នុងជីវិតរបស់ខ្ញុំ។ ហេតុនេះហើយទើបខ្ញុំទទួលបានជោគជ័យ"។ 

មនុស្ស ដែលនិយាយថា ចូឌែនមានអ្វីៗរួចអស់ហើយនោះ គឺប្រហែលជាមិនបានតាមដានដិតដល់នោះទេ។ មានពេលខ្លះគាត់បរាជ័យម្តងហើយម្តងទៀតសឹងតែងើបមុខមិនរួច។ ទោះយ៉ាងណា នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ លោកតែងតែងើបឡើងតស៊ូឡើងវិញ ហើយរៀនសូត្រពីកំហុសរបស់គាត់។ ក្នុងនាមជាសហគ្រិន អ្នកក៏ច្បាស់ជានឹងជួបបរាជ័យដូចគ្នា។ អ្នកប្រហែលជាអាចបរាជ័យលើសពីម្តងទៅទៀត។ តើអ្នកមានសេចក្តីក្លាហាន និងការតស៊ូដើម្បីងើបឡើងវិញ និងស្វែងរកភាពជោគជ័យដែរឬទេ?

៣- អ្នកត្រូវតែមានមូលដ្ឋានគ្រឹះជំនាញរឹងមាំ
ក្នុងនាមជាសហគ្រិន អ្នកត្រូវតែកំណត់ជំនាញមួយចំនួនដែលអ្នកត្រូវការដើម្បីទទួលបានជោគជ័យ។ ជំនាញទាំងនោះអាចនឹងមើលទៅខុសៗគ្នាផ្អែកតាមវិស័យដែលអ្នកកំពុងបម្រើការ ប៉ុន្តែអ្នកត្រូវតែចេះជំនាញទាំងនោះ និងរៀនវាឲ្យស្ទាត់មុនពេលផ្តោតសំខាន់លើអ្វីៗដែលកាន់តែស្មុគ្រស្មាញ និងកាន់តែអស្ចារ្យ។ 

លោកចូឌែនបានក្រើនរំឭកមនុស្សទូទៅថា "អ្នកអាចអនុវត្តការបាញ់កាំភ្លើង ៨ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើបច្ចេកទេសបាញ់របស់អ្នកខុស អ៊ីចឹងរាល់អ្វីដែលអ្នកជំនាញបំផុតនោះគឺការបាញ់ខុសគោលដៅ។ ត្រូវមានមូលដ្ឋានគ្រឹះជំនាញឲ្យរឹងមាំ ពេលនោះអ្នកនឹងលោតស្ទុះទៅមុខយ៉ាងលឿនក្នុងអ្វីដែលអ្នកកំពុងធ្វើ"។ 

៤- អ្នកត្រូវការពារខ្លួនឯងជានិច្ច
ក្នុងការចាប់យកភាពជោគជ័យ និងភាពអស្ចារ្យរបស់អ្នក មនុស្សជាច្រើននឹងព្យាយាមទាញអ្នកទម្លាក់ចុះក្រោម។ ពួកគេអាចនឹងហៅអ្នកថាមនុស្សឥតមេត្តា ឬមនុស្សលោភលន់។ អ្នកមិនត្រូវឲ្យសម្លេងរំខានបែបនេះទាញអ្នកថយក្រោយនោះទេ។ ជួនកាលអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចការពារខ្លួនឯងបាន ដូច្នេះកុំខ្លាចក្នុងការតតាំង។ 

ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ លោកចូឌែនបានបង្ខំខ្លួនឯងឲ្យធ្វើបែបនេះ។ បន្ទាប់ពីផ្សារទំនើបមួយបានប្រើឈ្មោះគាត់ក្នុងពាណិជ្ជកម្មមួយដោយគ្មានការអនុញ្ញាត លោកចូឌែនបានសម្រេចចិត្តថា លោកនឹងមិនអាចអង្គុយបែរខ្នង ហើយទុកឲ្យមនុស្សទាំងនោះបន្ថោកតម្លៃកេរ្តិ៍ឈ្មោះរបស់គាត់ឡើយ។ លោកបានដាក់ពាក្យបណ្តឹង ហើយទីបំផុតទទួលបានប្រាក់សំណង ៨,៩ លានដុល្លារ (ដែលចុងក្រោយត្រូវបានយកទៅបរិច្ចាគទៅបណ្តាអង្គការមនុស្សធម៌ក្នុងទីក្រុងស៊ីកាហ្គោទាំងអស់)។ 

លោក ខេវិន អេដ្ល័រ (Kevin Adler) បាននិយាយថា "គាត់ (ចូឌែន) បានបង្ខំចិត្តផ្ញើសារមួយទៅកាន់ផ្សារទំនើបនោះថា រូបលោកម៉ឺងម៉ាត់ខ្លាំងណាស់ក្នុងរឿងការពារអត្តសញ្ញាណរបស់គាត់"។ វាជាចំណាត់ការប្រថុយប្រថានមួយ តែវាបានហុចផលផ្លែផ្កា។ លោកចូឌែនបានចេញមកការពារខ្លួនលោក និងបានផ្តល់មេរៀនមួយសម្រាប់បណ្តាសហគ្រិនទាំងឡាយនៅគ្រប់ទីកន្លែងថា: ភាពជោគជ័យមិនមែនបានមកតាមវិធីដ៏ងាយស្រួលនោះទេ៕

មតិយោបល់