អាមេរិកលេងធម៌ក្តៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡាដើម្បីបង្ខំប្រធានាធិបតីម៉ាឌូរ៉ូប្រគល់អំណាចឱ្យមេបក្សប្រឆាំង

រដ្ឋបាលត្រាំកាលពីថ្ងៃចន្ទទី២៨មករាបានដាក់ទណ្ឌកម្មទូលំទូលាយទៅលើក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា PDVSA ដែលជាការដាក់គំនាបផ្នែកហិរញ្ញវត្ថុដ៏តឹងតែងបំផុតរបស់អាមេរិកចំពោះប្រធានាធិបតីសង្គមនិយមលោកនីកូឡាស ម៉ាឌូរ៉ូ។

ការដាក់ទណ្ឌកម្មនេះនឹងបង្កើនសម្ពាធលើលោកម៉ាឌូរ៉ូឱ្យលាឈប់ហើយប្រគល់អំណាចឱ្យទៅលោកហ្វ័ន ក្វាយដូ មេដឹកនាំប្រឆាំងវេណេស៊ុយអេឡាដែលប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីសប្ដាហ៍មុននិងត្រូវបានទទួលស្គាល់ភ្លាមៗដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀត។

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោក ចន បូលតុន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទនៅសេតវិមានថា "យើងបានបន្តបកអាក្រាតអំពីអំពើពុករលួយរបស់ម៉ាឌូរ៉ូនិងបក្ខពួករបស់គាត់ ហើយចំណាត់ការថ្ងៃនេះធានាថា ពួកគេនឹងមិនអាចលួចទ្រព្យសម្បត្តិរបស់ប្រជាជនវេណេស៊ុយអេឡាបានទៀតឡើយ"។

ការបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំគឺត្រូវបង្កកទ្រព្យសកម្មរបស់ក្រុមហ៊ុន PDVSA នៅសហរដ្ឋអាមេរិក ដែលជាប្រភពចំណូលដ៏ធំបំផុតរបស់វេណេស៊ុយអេឡានិងម្ចាស់ក្រុមហ៊ុនប្រេងកាតអាមេរិក Citgo Petroleum ដែលជាទ្រព្យសកម្មបរទេសដ៏សំខាន់បំផុតរបស់អង្គការ OPEC។

រដ្ឋបាលត្រាំបានពន្យារពេលផ្តោតគោលដៅលើវិស័យប្រេងដ៏សំខាន់របស់វេណេស៊ុយអេឡាជាយូរមកហើយ ដោយសារបារម្ភថាវានឹងប៉ះពាល់ដល់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាមេរិកនិងបង្កើនតម្លៃប្រេងសម្រាប់ប្រជាជនអាមេរិក។ ក្រុមមន្រ្តីសេតវិមានក៏បានសម្តែងការព្រួយបារម្ភអំពីការបន្ថែមទុក្ខលំបាកទៅលើប្រជាជនវេណេស៊ុយអេឡាផងដែរ។

ការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះហាក់ដូចជាចង់ពង្រឹងដល់សន្ទុះដែលបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងលោកម៉ាឌូរ៉ូនៅក្នុងប្រទេសនិងក្រៅប្រទេស។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋ PDVSA គឺមានបំណងទប់ស្កាត់រដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូពីការលួចលុយពីក្រុមហ៊ុនប្រេងដើម្បីរក្សាការក្តោបក្តាប់អំណាចរបស់គាត់។

លោកបូលតុនបាននិយាយថា ការប្រកាសទណ្ឌកម្មកាលពីថ្ងៃចន្ទនឹងរារាំងលោកម៉ាឌូរ៉ូពីការទទួលបានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន PDVSA ដែលមានតម្លៃ ៧ ពាន់លានដុល្លារ និងធ្វើឱ្យគាត់ខាតបង់ទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារក្នុងដំណើរការនាំចេញប្រេងនៅឆ្នាំក្រោយ៕ 
 

adverise with khmeread
tiger
Loading ad ...