ផ្សែងអ័ព្ទបង្កផលប៉ះពាល់សុខភាពខ្លាំងដល់ថ្នាក់ទីក្រុងបាងកកអស់មធ្យោបាយ មានតែប្រើដ្រូនបាញ់ទឹកពេញមេឃបណ្តេញភាគល្អិតតូចៗ

ដ្រូន រថយន្តធុនធំ និងយន្តហោះធុនតូចជាច្រើនគ្រឿងបានបាញ់ទឹកដើម្បីព្យាយាមកាត់បន្ថយធូលីនៅជុំវិញទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកអភិបាលក្រុងបានអញ្ជើញពួកអ្នករិះគន់មកជួយរកគំនិតល្អៗដើម្បីកែលម្អគុណភាពខ្យល់នៅក្នុងរាជធានីរបស់ថៃ។

កម្រិតនៃការបំពុលខ្យល់មិនល្អដល់សុខភាពបានបង្ខំសាលារៀនក្នុងទីក្រុងបិទកាលពីថ្ងៃពុធរហូតដល់ចុងសប្តាហ៍នេះហើយក្រសួងសុខាភិបាលសាធារណៈបានណែនាំពលរដ្ឋកុំឱ្យធ្វើសកម្មភាពនៅខាងក្រៅផ្ទះ។

ដោយប្រឈមនឹងការមិនសប្បាយចិត្តពីសាធារណជននិងវិបត្តិសុខភាព លោកអភិបាលក្រុងបានប្រកាសទីក្រុងបាងកកជា "តំបន់គ្រប់គ្រងការបំពុល" ដោយអនុញ្ញាតឱ្យមានវិធានការម៉ឺងម៉ាត់ដូចជាការបិទផ្លូវ ការកំណត់អំពីបញ្ចេញផ្សែងរថយន្ត ការដុតបង្ហុយផ្សែង និង សកម្មភាពសាងសង់។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចាបានបញ្ជាឱ្យត្រួតពិនិត្យតាមរោងចក្រនានាដើម្បីវាស់មើលកម្រិតការបំពុលពីការបំភាយឧស្ម័ន។

អភិបាលក្រុងលោកឧត្តមសេនីយ៍អាសាវីន ក្វាន់មឿងបាននិយាយថា ដ្រូនមិនមែនជាដំណោះស្រាយរយៈពេលវែងនោះទេ តែគាត់គិតថា រាល់កិច្ចខិតខំប្រឹងប្រែងគឺសុទ្ធតែមានប្រយោជន៍។ នៅឯសន្និសីទសារព័ត៌មានពេលព្រឹកមិញ លោកបាននិយាយថា ក្រុមអ្នករិះគន់ដែលហៅដ្រូនជាមធ្យោបាយគ្មានន័យ ទីបំផុតនឹងនៅតែរិះគន់គាត់ដដែល បើមិនបានធ្វើអ្វីសោះនោះ។

លោកអាសាវីន ក្វាន់មឿងបានអញ្ជើញពួកអ្នកជំនាញផ្នែកឯកជននិងបញ្ញាវន្តជាច្រើននាក់ដើម្បីចែករំលែកគំនិតដើម្បីកែលម្អគុណភាពខ្យល់។

លោកនិយាយថា "អ្នកដែលមានចំណេះដឹងអំពីបញ្ហានេះ សុំកុំផ្តល់យោបល់ទៅអ្នកដទៃ សូមប្រាប់មកខ្ញុំ។ ខ្ញុំគឺជាអ្នកធ្វើការងារលើបញ្ហានេះ សូមផ្តល់ដំបូន្មានដល់ខ្ញុំ។ តើខ្ញុំដឹងសព្វអ្វីៗគ្រប់យ៉ាងមែនទេ? គឺមិនដឹងអស់ទេ។ ដោយសារតែខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងចឹងហើយ ទើបខ្ញុំសម្រេចចិត្តរៀបចំកិច្ចប្រជុំនេះឡើយ (ថ្ងៃព្រហស្បតិ៍)។ សូមចូលរួមផ្តល់គំនិតទាំងអស់គ្នា"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត