ប្រជាជនចិនឥឡូវចាប់ផ្តើមអស់ស្នេហ៍លើ iPhone បន្ទាប់ពីមានជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក

អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងប្រទេសចិនបាននិយាយថា រូបគេប្រើប្រាស់ទូរស័ព្ទ Oppo ហើយម្នាក់ទៀតបាននិយាយថា "បើប្រៀបធៀបតម្លៃនិងមុខងារ ទូរស័ព្ទ Huawei ល្អជាង iPhone"។

ក្រុមហ៊ុន Apple ធ្លាប់ឈរនៅលេខមួយនៃទីផ្សារស្មាតហ្វូនរបស់ពិភពលោក។ ប៉ុន្តែក្រុមហ៊ុនទើបតែប្រកាសថា ការលក់របស់ខ្លួនក្នុងប្រទេសចិនបានធ្លាក់ចុះ ២៧ ភាគរយ។ 

ចិនគឺជាទីផ្សារស្មាតហ្វូនដ៏សំខាន់របស់ Apple រហូតដល់ថ្នាក់ធ្វើឱ្យក្រុមហ៊ុនធ្លាក់ចុះការលក់ ដោយនាំឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ 

នាយកប្រតិបត្តិរបស់ Apple លោក Tim Cook បន្ទោសសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងសេដ្ឋកិច្ចខ្សោយរបស់ចិនចំពោះការធ្លាក់ចុះការលក់ក្នុងឆ្នាំ ២០១៨។ ប៉ុន្តែអ្នកខ្លះនិយាយថា គួរបន្ទោសក្រុមហ៊ុន Apple ខ្លួនឯងជាជាងបន្ទោសមកលើសេដ្ឋកិច្ច។ 

ពួកគេនិយាយថា ទូរស័ព្ទ iPhone X តម្លៃ ១០០០ដុល្លារ គឺមិនស័ក្តសមនឹងតម្លៃរបស់វានោះទេ។

សព្វថ្ងៃក្នុងប្រទេសចិន iPhone លែងមានប្រជាប្រិយភាពដូចកាលពីមុនទៀតហើយ។ iPhone ធ្លាប់ជាទូរស័ព្ទលក់ដាច់បំផុតក្នុងប្រទេសចិន ឥឡូវនេះវាឈរនៅលំដាប់ទី៥។ 

ក្រុមហ៊ុនផលិតស្មាតហ្វូនចិនជាច្រើនបានដណ្តើមយកចំណែកទីផ្សារដ៏ធំរបស់ចិន។ Huawei គឺជាម៉ាកសញ្ញាទូរស័ព្ទលក់ដាច់បំផុតក្នុងប្រទេសចិននាពេលបច្ចុប្បន្ន តាមពីក្រោយដោយ Oppo, Vivo និង Xiaomi។ 

ពួកគេផ្តល់នូវហាដវែដែលប្រជាជនចិនចង់បាន ដូចជាកន្លែងដាក់ស៊ីមកាតបានពីរសម្រាប់អ្នកមានលេខច្រើន និង កាមេរ៉ា Selfie ដ៏ខ្លាំងក្លាអមជាមួយកម្មវិធីកែរូបឱ្យស្អាតដ៏សម្បូរបែប។ 

បុរសចិនម្នាក់និយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវេបសាយ Inkstone ថា "ពីមុនខ្ញុំធ្លាប់ប្រើ iPhone វាមិនងាយស្រួលប្រើនោះទេ។ ក្រោយមកខ្ញុំប្តូរមកប្រើ Huawei វាល្អជាង"។

អ្នកប្រើប្រាស់ម្នាក់ទៀតនិយាយថា "​ប្រព័ន្ធ Android ប្រើត្រូវជាមួយ App ច្រើនជាង Apple"។

ចិនក៏កំពុងអភិវឌ្ឍប្រព័ន្ធអេកូ App ទាំងស្រុងផងដែរ ដែលមានលក្ខណៈផ្សេងគ្នាពីប្រព័ន្ធដទៃទៀតលើពិភពលោក។ 

អ្នកប្រើ iPhone ពឹងផ្អែកលើកម្មវិធី Face Time, Messages និង Apple Pay ប៉ុន្តែនៅចិន ប្រជាជនប្រើ WeChat ដើម្បីធ្វើរឿងទាំងអស់នេះ។ 

ក្រុមហ៊ុន Apple មិនទាន់ប្រកាសផលិតផលថ្មីឬផែនការណាមួយដើម្បីទប់ស្កាត់ការធ្លាក់ចុះការលក់នេះទេ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការផ្លាស់ប្តូរដ៏ខ្លាំងក្លាចាំបាច់ត្រូវតែធ្វើ ដើម្បីបង្កើនប្រាក់ចំណេញឡើងវិញសម្រាប់ Apple នៅក្នុងប្រទេសចិននិងប្រទេសដទៃទៀតលើពិភពលោក៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...