តោះមកមើល គ្រូៗហុងស៊ុយល្បីល្បាញនៅហុងកុងទាយជោគវាសនាឆ្នាំទាំង១២យ៉ាងដូចម្តេច អំឡុងបុណ្យចូលឆ្នាំចិនឆ្នាំកុរ២០១៩នេះ!

ឆ្នាំកុរ ២០១៩ នឹងជាឆ្នាំនៃការបញ្ចប់ ការផ្លាស់ប្ដូរ និងការទទួលដំណឹងដ៏ភ្ញាក់ផ្អើល។

គ្រូហុងស៊ុយជាច្រើននៅហុងកុងនិងតៃវ៉ាន់ទស្សន៍ទាយថា ឆ្នាំកុរគឺជាឆ្នាំឡាក់ឆុងបំផុតសម្រាប់អ្នកកើតឆ្នាំច ហើយជាពិសេសនោះគឺប្រធានាធិបតីអាមេរិកលោក Donald Trump តែម្តង ដែលកើតឆ្នាំឆ្កែ។ ពួកគេនិយាយថាគាត់អាចនឹងប្រឈមការចោទប្រកាន់ដើម្បីដកចេញពីតំណែងក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនោះដែរ ប្រទេសចិន បើទោះជាមានសង្គ្រាមពាណិជ្ជកម្ម និងកត្តាប្រឈមដទៃទៀតដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ក៏យើងនៅតែឃើញសេដ្ឋកិច្ចប្រទេសចិនរីកចម្រើនខ្ទង់ ៥,៣ ភាគរយ។

ងាកមកមើលឆ្នាំទាំង ១២ វិញ សម្រាប់ឆ្នាំថ្មី ដែលជាឆ្នាំកុរ អ្នកដែលកើតឆ្នាំទាំង ១២ ខាងក្រោមនេះនឹងមានការព្យាករណ៍ដូចតទៅ។

១. ឆ្នាំជូត ៖ អ្នកកើតឆ្នាំជូតនឹងសម្លឹងឃើញឱកាសល្អៗជាច្រើនដើម្បីឱ្យអាជីពការងារឆ្ពោះទៅរកកម្រិតថ្មីមួយទៀត។ ក៏នឹងមានលទ្ធផលគាប់ប្រសើរក្នុងជីវិតស្នេហាផងដែរ ជាពិសេសក្នុងចំណោមអ្នកនៅលីវ ដែលនឹងរកបានគូគាប់បានយ៉ាងងាយ ប៉ុន្តែត្រូវចាំ អ្នកត្រូវចំណាយពេលគិតសិនមុននឹងសម្រេចចិត្ត។

២. ឆ្នាំឆ្លូវ ៖ រំពឹងមានការធ្វើដំណើរស្ទើរមួយឆ្នាំពេញសម្រាប់អ្នកកើតឆ្នាំឆ្លូវ។ វាក៏នឹងជាឆ្នាំមមាញឹកផងដែរសម្រាប់ការងារនិងការសិក្សា រួមជាមួយឱកាសបានសិក្សាក្រេបយកបទពិសោធន៍នៅបរទេសផងដែរ។ អ្នកអាចនឹងស្វែងរកឃើញស្នេហាអំឡុងការធ្វើដំណើរ។ 

៣. ឆ្នាំខាល ៖ អ្វីៗនឹងល្អប្រសើរ។ នឹងមានថាមពលខ្លាំងក្លាវិជ្ជមានសម្រាប់ទាំងការងារនិងស្នេហា ហើយអ្នកនឹងទទួលបានជោគជ័យលើរឿងទាំងពីរនេះ។ អ្នកក៏នឹងរកឃើញឱកាសល្អៗដើម្បីរីកចម្រើនខាងហិរញ្ញវត្ថុផងដែរ ជាពិសេសនឹងមានអ្នកចាំជួយដ៏ស្មោះត្រង់។ ប៉ុន្តែរឿងស្នេហាហាក់ដូចជាមិនសូវគាប់ប្រសើរប៉ុន្មានទេសម្រាប់អ្នកនៅលីវ។ 

៤. ឆ្នាំថោះ ៖ ឆ្នាំថោះអាចចាត់ទុកថាជាជើងឯកពីរឆ្នាំជាប់គ្នា ព្រោះឆ្នាំមុនក៏ជាឆ្នាំល្អ ហើយឆ្នាំនេះរឹតតែល្អ។ រាល់ការប៉ងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។ ឱកាសល្អៗនឹងកើតមានទាំងសម្រាប់ការងារនិងស្នេហា។ អ្នកនៅលីវអាចនឹងរកឃើញស្នេហាពីការជួបជុំមិត្តភក្តិចាស់។ 

៥. ឆ្នាំរោង ៖ អ្នកកើតឆ្នាំរោង គួរតែរកនរណាម្នាក់ពិភាក្សាពីគំនិតថ្មី ឬរកដៃគូពិភាក្សាម្នាក់ក្នុងឆ្នាំនេះ។ ហើយវាក៏ល្អសម្រាប់ប្ដីប្រពន្ធ ដែលចង់រៀបការក្នុងឆ្នាំនេះដែរ។ ដោយឡែក អ្នកនៅលីវក៏អាចទទួលបានលាភសំណាងរឿងស្នេហាក្នុងឆ្នាំនេះដែរ។

៦. ឆ្នាំម្សាញ់ ៖ ឆ្នាំនេះជាឆ្នាំល្អសម្រាប់ការបណ្តាក់ទុនរកស៊ី ហើយបើមានឱកាសល្អពីអ្នកនៅបរទេសត្រូវចាប់យកភ្លាម កុំអែលអង់យូរ។

៧. ឆ្នាំមមី ៖ ឆ្នាំនេះជាឆ្នាំអ្នកត្រូវកើបលុយ ប៉ុន្ដែមិនមានន័យថាលុយនឹងរត់មករកអ្នកនោះទេ វាអាស្រ័យលើការសម្រេចចិត្តរបស់អ្នកផងដែរ។

៨. ឆ្នាំមមែ ៖ សម្រាប់អ្នកកើតមមែ អ្នកត្រូវរកអ្នកជំនាញហិរញ្ញវត្ថុណាម្នាក់មករៀបចំផែនការអនាគតដ៏ត្រជះត្រចង់របស់អ្នក។ ប្រសិនបើអ្នកត្រៀមរួចរាល់ហើយ អ្នកអាចកំណត់ជោគវាសនាសម្រាប់ភាពជោគជ័យអនាគតរបស់អ្នកបានក្នុងឆ្នាំនេះ។

៩. ឆ្នាំវក ៖ អ្នកកើតឆ្នាំវកក្នុងឆ្នាំនេះ នឹងមានទំនាក់ទំនងដ៏ខ្លាំងក្លាជាមួយក្រុមមនុស្សមានឥទ្ធិពល។ ហើយនឹងមានមនុស្សជួយផ្នែកហិរញ្ញវត្ថុដល់អ្នកដើម្បីឱ្យអ្នករីកចម្រើន ដូច្នេះអ្នកត្រូវពង្រឹងទំនាក់ទំនងឱ្យខ្លាំងបំផុតជាមួយនឹងបុគ្គលទាំងនោះ។

១០. ឆ្នាំរកា ៖ ប្រសិនបើអ្នកកើតឆ្នាំរកា ឆ្នាំនេះគឺជាឆ្នាំដ៏ល្អបំផុតនៃឱកាសឡើងតំណែង និងការពង្រីកមុខជំនួញ។ ប៉ុន្ដែអ្នកត្រូវធ្វើសកម្មភាពដើម្បីប្រើប្រាស់ឱកាសមួយនេះ។

១១. ឆ្នាំច ៖ បើជាអ្នកនយោបាយ អ្នកនឹងជួបបញ្ហាច្រើន តែបើជាអ្នកជំនួញឬអ្នកធ្វើការអ្នកនឹងជួបឱកាសល្អៗច្រើនដើម្បីនាំអាជីពការងារឆ្ពោះទៅរកកម្រិតថ្មីមួយទៀត។ សម្រាប់អ្នកនៅលីវក៏នឹងអាចរកបានដៃគូថ្មីក្នុងឆ្នាំនេះដែរ។

១២. ឆ្នាំកុរ ៖ សម្រាប់អ្នកកើតឆ្នាំកុរ ពេលអ្នកមានគ្រោះមន្តរាយ និងបរាជ័យ នឹងមានអ្នកមកការពារ ហើយប្រែក្លាយព្រឹត្តិការណ៍អវិជ្ជមានទៅជាវិជ្ជមានវិញ។ ហើយអ្នកក៏មានឱកាសច្រើនដើម្បីនាំភាពជោគជ័យដល់អ្នកក្នុងឆ្នាំនេះដែរ៕


 

adverise with khmeread
tiger
Loading ad ...