adverise with khmeread 39a2b1af 83a2 4ed8 9f19 cb2eb7969c0e

កម្មករជាង២០០នាក់ធ្វើកូដកម្មរារាំងកម្មករជាង១ពាន់នាក់ មិនឲ្យចូលធ្វើការ

     ភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រស្បែកជើងលីដវីនស៊ូ ខេមបូឌា (Leadwind Shoes Cambodia) ជាង ២០០នាក់លើកម្មករសរុបប្រមាណ១៣០០នាក់ បាននាំគ្នាឈរតវ៉ាដោយចាក់ធុងបាស់រាំនៅក្រោមដំបូលរោងដែលទើបនឹងសង់នៅមុខទ្វាររោងចក្រ ស្ថិតក្នុងភូមិ​ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាមទារលក្ខខណ្ឌការងារ១២ចំណុច ហើយបានរារាំងកម្មករភាគច្រើនមិនឲ្យចូលរោងចក្រធ្វើការ។
    កូដកម្មខាងលើនេះបានផ្ទុះឡើងតាំងពីថ្ងៃទីម៨ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះហើយរហូតមក​ទល់ព្រឹកថ្ងៃទី១១ធ្នូនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយ ហើយមេធាវីប្រចាំរោងចក្របានសុំដីការក្សាការពារពីតុលាការ បន្ទាប់ពីការចរចាគ្នាជាច្រើនថ្ងៃមិនសះជានឹងគ្នា ។
    កូដកម្មនេះដឹកនាំដោយលោកប៉ាង ចន្នី ប្រធានសហព័ន្ធសហជីពខ្មែរដោយសំអាងថា មានតំណាងកម្មករបានពឹងពាក់ឲ្យធ្វើជាតំណាង ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន ហើយកម្មករមួយភាគតូចបានឈររារាំងមិនឲ្យកម្មករភាគច្រើនបានចូលធ្វើការ ។ក្រុមកម្មករទាំងនោះ បានអះអាងថា ពួកគេមិនបញ្ឈប់ការតវ៉ាឡើយបើគ្មានដំណោះស្រាយ។
    ចំណែកលោកហៀក បូរី ប្រធានសហព័ន្ធសហជីពការងារកម្មករកម្ពុជា (CWLFU) តំណាងឲ្យសម្លេងភាគច្រើននិងមានភាពជាតំណាងបំផុតបានចុះអនុសញ្ញារួម (CBA)អាណត្តិទី២កាលពីខែមេសាឆ្នាំ២០១៥ កន្លងទៅបានធ្វើឲ្យរោងចក្រមួយនេះមានលក្ខខណ្ឌល្អប្រសើរអស់រយ:ពេល៧ឆ្នាំមកហើយ ។
    លោកហៀក បូរី បាននិយាយថា ដោយសារការខិតខំប្រឹងប្រែងរបស់សហជីពដែលគិតអំពីផលប្រយោជន៍កម្មករជាធំ សហជីពមូលដ្ឋានបានជួបចរចាទ្វេភាគីជាមួយលោកថៅកែ បានធ្វើឲ្យលក្ខខណ្ឌការងារនៅរោងចក្រនេះមានលក្ខណ:ល្អប្រសើរជាងច្បាប់។
    លោកបន្តថា ជាក់ស្តែងប្រាក់ខែគោលរបស់កម្មករសាកល្បង១៣៣ដុល្លារនិងប្រាក់ខែកម្មករពេញសិទ្ធិ១៣៨ដុល្លារ(ប្រសើរជាងច្បាប់១០ដុល្លារ) , ប្រាក់ធ្វើដំណើររោងចក្រផ្តល់ជូនកម្មករ១២ដុល្លារប្រសើរជាងច្បាប់៥ដុល្លារ, ប្រាក់រង្វាន់ទទួលបាន១២ដុល្លារប្រសើរជាងច្បាប់២ដុល្លារ, ប្រាក់លើកទឹកចិត្ត(លុយតិចអៀរ) មួយឆ្នាំ៥ដុល្លារ ហើយមួយឆ្នាំដំឡើង៥ដុល្លារ។ចំណែកស្ត្រីសម្រាលកូនរោងចក្របើកប្រាក់ជូន៦០ភាគរយមុនរយ:ពេល៣ខែ៥ថ្ងៃ(៩៥ថ្ងៃ)ដោយមិនគិតបញ្ចូលថ្ងៃបុណ្យ ដែលពីមុនជូនតែ៥០ភាគរយមុនរយ:ពេល៩០ថ្ងៃប៉ុណ្ណោះ ។
     លោកបន្តទៀតថា នៅពេលនេះស្រាប់តែមានសហជីពថ្មីមកដឹកនាំកម្មករធ្វើកូដកម្ម ដែលរំលោភទៅលើCBA ដែលច្បាប់បានកំណត់។ ទោះបីយ៉ាងណាការចរចាទាំងក្រៅផ្លូវការនិងផ្លូវការនៅក្រសួងការងារជាបន្តបន្ទាប់ត្រូវបរាជ័យ។លោកបានប្តឹងរឿងនេះទៅលោកសោម អូន ប្រធានប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU)និងលោករដ្ឋមន្ត្រីក្រសួងការងាររួចហើយ ប៉ុន្តែពុំមានចម្លើយសោះ។
    សូមបញ្ជាក់ថា ថៅកែរោងចក្រនេះគឺលោកលីង មីងតុងជនជាតិចិនតៃវ៉ាន់ចាប់តាំងពីដំណើរការមកពុំដែលមានបាតុកម្មម្តងឡើយ៕

adverise with khmeread

មតិយោបល់