85fd5512 873f 4c95 9aa2 57faa5fcb3b0

កម្មការិនី​រោងចក្រ​កាត់ដេរ​ជុន​ចៅ​ប្រមាណ​៣០​នាក់​ដួលសន្លប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ជុន​ចៅ សង្ស័យ​សាយភាយ​ជាតិគីមី​ចេញពី​សាច់​ក្រណាត់​ធ្វើឱ្យ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​៣០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ ខណៈ​កំពុង​បំពេញការងារ​កាលពី​វេលា​ម៉ោង​៨​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​០៧​ខែមីនា​ឆ្នាំ​២០១៦​នេះ នៅក្នុង​រោងចក្រ​ជុន​ចៅ ជាប់​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ព័ត៌មាន​បឋម​សមត្ថកិច្ច​បានឱ្យដឹងថា មានកម្ម​ការិនី​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ យីហោ ជុន​ចៅ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ចំនួន​៣២ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯក ជន​ក្បែរ​នោះ​ដើម្បី​សង្គ្រោះ​។ មូលហេតុ មិនទាន់​ត្រូវបាន​មន្ត្រី​ជំនាញ​ណា ម្នាក់​អះអាង​ឲ្យ​ដឹងថា​បែបណា​នៅឡើយ​។ ប៉ុន្តែ​គេ​ដាក់​ការសង្ស័យ​ទៅលើ​ជាតិ​ថ្នាំ​គីមី​នៅក្នុង​ក្រណាត់ បូករួម​និង​ទឹក​ដែល​ថៅកែ​ដាក់​ឲ្យ​កម្មករ បរិភោគ ព្រមទាំង​បរិស្ថាន​នៅក្នុង​រោងចក្រ​ផងដែរ​។​

     តាម​ប្រភពព័ត៌មាន​បាន​បន្តថា រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​ខាងលើ កាល​មុន​មាន​កម្មករ កម្មការិនី បម្រើ​ការងារ​ចំនួន​ជាង​១​ពាន់​នាក់​ឯណោះ ប៉ុន្តែ​រហូតមកទល់​ពេល​មាន​កម្មករ​សរុប តែត្រឹម​ចំនួន​៣៥០​នាក់​ប៉ុណ្ណោះ គឺ​ស្មើ​និង​សិប្បកម្ម​មួយ​ដែរ ។​

    គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ព្រឹក​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ មានកម្ម​ការិនី ដួលសន្លប់​ជា​បន្តបន្ទាប់​ជាង​៣០​នាក់​ម្ដង​រួចមកហើយ ដែល​ពេលនោះ​ពួកគេ មាន​អាកា​រៈ ងងឹតមុខ​វិលមុខ តឹងទ្រូង​រកកល​ក្អួតចង្អោរ ហើយ​ទន់ដៃទន់ជើង​រួច​ក៏បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ និង​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​នានា​។​

     ចំណែក​រោងចក្រ​ត្រូវបាន​បិទទ្វារ​បណ្ដោះអាសន្ន ហើយ​កម្មករ​កម្មការិនី ដែល​មិនបាន​ដួលសន្លប់ ត្រូវបាន​ថៅកែ​អនុញ្ញាតឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ មិនបាន​ឲ្យ​បន្តធ្វើ​ការងារ​នោះឡើយ​។​

     ប្រភព​ដដែល​បាន​បន្តថា រហូតដល់​ព្រឹក​ថ្ងៃទី​៧ ខែមីនា ទើប​រោងចក្រ​បើកទ្វារ​ឡើងវិញ ហើយ​កម្មករ​កម្មការិនី​បាន​ចូលធ្វើការ​វិញ​ជាធម្មតា។ ខណៈពេល​កំពុងធ្វើការ​សុខៗ ស្រាប់តែ​ដួលសន្លប់​ជា​បន្តបន្ទាប់ ចំនួន​៣២​នាក់​ទៀត ។​ដោយ​ពួកគេ​សុទ្ធតែ មាន​អាកា​រៈ ងងឹតមុខ​វិលមុខ តឹងទ្រូង​រកកល​ក្អួតចង្អោរ ហើយ​ទន់ដៃទន់ជើង​រួច​ក៏បាន​ដួលសន្លប់ ហើយ​អ្នកខ្លះ​ដួល​នៅក្នុង​រោងចក្រ និង​ខ្លះទៀត​រត់ចេញ ដល់​ខាងក្រៅ ទើប​ដួលសន្លប់​៕ 

 

អ្នកនឹងចូលចិត្ត

មតិយោបល់