ភ្លើងប្រចណ្ឌនាំឱ្យបុរសម្នាក់ទប់ចិត្តលែងបានទាញកាំភ្លើង ​AK47 បាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនបញ្ចប់រឿង

ព្រះវិហារ​ ៖​ ប្តីប្រពន្ធទើបរៀបការថ្មីថ្មោងបាន៥ថ្ងៃ រស់នៅមិនចុះសម្រុងគ្នា ទាស់សម្តីគ្នា​ ដោយសារតែភ្លើងប្រចណ្ឌ បុរសជាប្តីបានទាញកាំភ្លើង​អាកាស្វាយបត់ បាញ់សម្លាប់ប្រពន្ធ និងបាញ់ខ្លួនឯងជាក្រោយ ​បង្កការភ្ញាក់ផ្អើល​ នៅ​ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងអង្គភាព​ វរៈសេនាតូចលេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពព័ត៌មានពីសាច់ញាតិដែលសមត្ថកិច្ចទទួលបានបានបញ្ជាក់ថា​ អំពើ ហិង្សានេះកើតឡើងដោយសារតែភ្លើងប្រចណ្ឌ ទើបនាំឱ្យមានទំនាស់ពាក្យ សម្ដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធ​ទើបនឹងរៀបការបាន ៥ថ្ងៃនេះ ហើយបុរសជាស្វាមី បានស្ទុះយកកាំភ្លើងម៉ាក់ Ak47ស្វាយបត់ បាញ់ទៅលើប្រពន្ធ ដែលមាន ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ ​ចំនួន២គ្រាប់ ត្រូវចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយ ​ស្លាប់ក្នុងថ្លុកឈាម​។ ក្រោយមកបុរស ដែលជាជនដៃ​ដល់ ឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបរជាទាហាន ​បានបាញ់សម្លា​ប់ខ្លួនឯង តាមក្រោយបញ្ចប់រឿងត្រឹមហ្នឹង​។

សមត្ថកិច្ច​ចម្រុះស្រុកជាំក្សាន្ត ក៏បានចុះពិនិត្យនឹងធ្វើកោសល្យវិច័យ លើសាកសពទាំងពីរនាក់ប្តីប្រពន្ធ ដោយសន្និដ្ឋានថា​ ពួកគេពិតជាស្លាប់ ដោយសារករណីដូចខាងលើនេះពិតប្រាកដមែន ហើយបានប្រគល់សាកសពទាំង ២ នាក់ប្តីប្រពន្ធឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាំងត្រូវបានយកមក រក្សាទុកអធិការដ្ឋានប៉ូលិសស្រុកជាំក្សាន្ត​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab