អាមេរិកនិងកូរ៉េខាងត្បូងយល់ព្រមជួយចេញលុយគ្នាលើចំណាយយោធា បន្ទាប់ពីត្រាំរអ៊ូច្រើនដងរឿងអាមេរិកចេញលុយតែឯង

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឈានដល់ការឯកភាពជាគោលការណ៍ស្តីពីការចែករំលែកការចំណាយលើការដាក់ពង្រាយកងទ័ពអាមេរិកនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។

អ្នកនាំពាក្យម្នាក់បាននិយាយថា "សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឈានដល់ការឯកភាពជាគោលការណ៍ស្តីពីកិច្ចព្រមព្រៀងវិធានការពិសេសថ្មី។ ភាគីទាំងសងខាងបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាបច្ចេកទេសដែលនៅសល់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន"។

ទូរទស្សន៍ CNN បានដកស្រង់សម្តីមន្រ្តីក្រសួងការបរទេសម្នាក់ដោយនិយាយថា ក្រោមកិច្ចព្រមព្រៀងដែលបានកែសម្រួលនេះ កូរ៉េខាងត្បូងនឹងបង្កើនការរួមវិភាគទានហិរញ្ញវត្ថុរបស់ខ្លួនដល់ជិត ១ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងឆ្នាំ ២០១៤ ដែលបានផុតកំណត់កាលពីឆ្នាំមុន តម្រូវឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលបង់ប្រាក់ចំនួនប្រហែល ៩៦០ ពាន់លានវ៉ុនស្មើនឹង ៨៤៨ លានដុល្លារក្នុងមួយឆ្នាំដើម្បីរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

មុននេះសម្ព័ន្ធមិត្តទាំងពីរហាក់មិនអាចឈានដល់ការឯកភាពគ្នាណាមួយដើម្បីបន្តកិច្ចព្រមព្រៀងចាស់នោះទេ បើទោះបីជាបានចរចា ១០ លើកចាប់តាំងពីខែមីនាក៏ដោយ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយម្តងហើយម្តងទៀតថាកូរ៉េខាងត្បូង កន្លែងដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ គួរតែទទួលខុសត្រូវបន្ថែមទៀតលើការចំណាយ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយុនហាប់កាលពីពេលថ្មីៗនេះបានដកស្រង់ប្រភពការទូតមួយនៅក្នុងទីក្រុងសេអ៊ូលដោយនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទំនងជាបានទទួលយកសំណើររបស់កូរ៉េខាងត្បូងដើម្បីរួមចំណែកក្រោម ១ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ ហើយថាកិច្ចព្រមព្រៀងនេះនឹងដំណើរការរយៈពេលមួយឆ្នាំ ផ្ទុយពីកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំដូចគ្រាមុនៗ។

យុនហាប់បាននិយាយថាភាគីទាំងពីររំពឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅដើមសប្តាហ៍នេះ។ ប្រភពការទូតដដែលបានសន្មត់ថាការសម្របសម្រួលនេះធ្វើឡើងគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តដើម្បីផ្តោតលើការទូតជាមួយកូរ៉េខាងជើង នៅមុនកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងលើកទីពីរដែលបានគ្រោងទុកនៅចុងខែនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab