អ្នកវិទ្យាសាស្ត្រព្រមានថា ផ្ទាំងទឹកកកនៅភ្នំហិម៉ាឡៃដែលផ្តល់ប្រភពទឹកដល់ទន្លេសំខាន់ចំនួន១០រួមទាំងទន្លេមេគង្គ នឹងរលាយ២ភាគ៣នៅឆ្នាំ២១០០

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានក្នុងការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ២ភាគ៣នៃផ្ទាំងទឹកកកនៅភ្នំហិម៉ាឡៃ ដែលជា "ប៉ូលទឹកកកទី៣" របស់ពិភពលោកអាចនឹងរលាយនៅត្រឹមឆ្នាំ ២១០០ បើការបំភាយឧស្ម័នសកលមិនត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្លាទេនោះ។

ទោះបីជាគោលដៅដ៏មហិច្ឆតាបំផុតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងការកំណត់ការឡើងកម្តៅផែនដីត្រឹម ១,៥ អង្សា ត្រូវបានសម្រេចបានក៏ដោយ ក៏ផ្ទាំងទឹកកក១ភាគ៣អាចនឹងរលាយ។ នេះបើយោងតាមរបាយការណ៍វាយតម្លៃមួយឈ្មោះថា Hindu Kush Himalaya Assessment។

របាយការណ៍នេះបានឱ្យដឹងថា ផ្ទាំងទឹកកកក្នុងតំបន់ហិណ្ឌូឃូសហិម៉ាឡៃ (HKH) គឺជាប្រភពទឹកដ៏សំខាន់សម្រាប់មនុស្ស ២៥០ លាននាក់នៅជុំវិញតំបន់ភ្នំហិម៉ាឡៃ និង ១,៦៥ ពាន់លាននាក់ទៀតនៅតាមជ្រលងដងស្ទឹងបឹងបួនៅខាងក្រោម។

ផ្ទាំងទឹកកកនេះផ្តល់ប្រភពទឹកដល់ប្រព័ន្ធទន្លេដ៏សំខាន់បំផុតរបស់ពិភពលោកចំនួន១០រួមទាំងទន្លេគង្គា ទន្លេអ៊ីនឌូស ទន្លេលឿង ទន្លេមេគង្គ និងទន្លេអៀរ៉ាវ៉ាដឌី និងផ្គត់ផ្គង់ដោយផ្ទាល់ឬដោយប្រយោលដល់មនុស្សរាប់ពាន់លាននាក់នូវអាហារ ថាមពល ខ្យល់បរិសុទ្ធ និងប្រាក់ចំណូល។

ផលប៉ះពាល់មកលើមនុស្សពីការរលាយផ្ទាំងទឹកកកនេះ គឺមានចាប់ពីការបំពុលបរិយាកាសកាន់តែអាក្រក់ទៅរហូតដល់អាកាសធាតុក្តៅខ្លាំង។

ការសិក្សានេះបានព្រមានថា លំហូរទឹកទន្លេដ៏ទាបនៅមុនរដូវមូសុងនឹងកាត់ផ្តាច់ប្រព័ន្ធទឹកនៅទីប្រជុំជននិងផលិតកម្មម្ហូបអាហារនិងថាមពលដោយមិនរំពឹងទុក៕

adverise with khmeread

អ្នកនឹងចូលចិត្ត