ពោធិ៍សាត់ ៖ ប៉ូលិសស្រុកវាលវែងបានចាប់ខ្លួនបុរសម្នាក់នៅវេលាម៉ោង ២និង០៦នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្បូវ ស្ថិតក្នុងភូមិ.ឃុំរបស់គេរស់នៅ ពីបទប្រើហិង្សាបណ្តាលឱ្យជនរងគ្រោះស្លាប់ ហើយរត់គេចខ្លួនពីមូលដ្ឋានអស់រយៈពេលជិត១០ឆ្នាំកន្លងមក។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការប៉ូលិសស្រុកវាលវែង បាននិយាយថា ការចាប់ខ្លួន ឈ្មោះ មាគសុរិនភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺសមត្ថកិច្ចធ្វើឡើងតាមដីកា លេខ១៦ចខ/១៩ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩របស់ចៅក្រមជំនុំជម្រះ លោក អ៊ិត សម្ផស្ស ដែលបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ មាគ សុរិន ពីបទហិង្សាដោយមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានរត់គេចពីមូលដ្ឋាន។
លោកអធិការ បន្តថា ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋថា បានប្រទះឃើញជនខាងលើ បង្ហាញវត្តមានក្នុងមូលដ្ឋានវិញ ទើបមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សមត្ថកិច្ចប៉ូលិសស្រុក បានចុះធ្វើការចាប់ខ្លួនជនឈ្មោះ មាគ សុរិន យកមកកាន់អធិការដ្ឋានស្រុក ចាត់វិធានការ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
