ចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់វាយសម្លាប់អ្នកកាសែតនៅក្រចេះ

ក្រចេះ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូវបានប៉ូលិសខេត្តក្រចេះចាប់ខ្លួននៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វើឃាតដល់អ្នកកាសែតម្នាក់​ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ វ៉ន វិញ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនោះ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងបក្ខពួក៣នាក់ទៀត។       

​បក្ខពួក៣នាក់នោះ រួមមាន ទី១- ឈ្មោះ លឹម សុខគង់ អាយុ២១ឆ្នាំ រស់នៅភូមិដង្កោ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រត់គេចខ្លួនបាត់, ទី២- ឈ្មោះ រឹត សីហា អាយុ២១ឆ្នាំ រត់គេចខ្លួន រស់នៅគីឡូម៉ែត្រ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងទី៣- ឈ្មោះ រដ្ឋា អាយុប្រហែល១៧ឆ្នាំ។

​ប៉ូលិសប្តថា ជនសង្ស័យម្នាក់ដែលត្រូវកម្លាំងប៉ូលិសខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតម្នាក់ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ 

​ជនសង្ស័យបានសារភាពថា  រូបគេផ្ទាល់ជិះម៉ូតូ១គ្រឿងគ្នា៣នាក់ បានធ្វើសកម្មភាពមកស្ទាក់វាយជនរងគ្រោះ។ ពេលនោះឈ្មោះ រឹត សីហា និងឈ្មោះ លឹម សុខគង់ ជាអ្នកយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូតែម្ដង។ ពេលធ្វើសកម្មភាពរួច ខ្លួនបានទាក់ទងឈ្មោះ រដ្ឋា អាយុប្រហែល១៧ឆ្នាំ មកឌុបឈ្មោះ រឹត សីហា។ ចំណែកខ្លួនជិះម៉ូតូជាមួយឈ្មោះ លឹម សុខគង់ មកផ្ទះវិញ លុះដល់ស្អែកឡើងទើបដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធិ ស្លាប់។ ការសម្លាប់ជនរងគ្រោះបណ្តាលមកពីរឿងគំនុំ។ 

​គួររំលឹកថា នៅវេលាម៉ោង១០និង៣នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធិ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរជាអ្នកកាសែត បម្រើការងារនៅអង្គភាពបាត់ដំបងប៉ុស្តិ៍ ត្រូវជនសង្ស័យស្ទាក់ផ្លូវវាយ និងគប់នៅចំណុចផ្លូវបំបែក៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។

​ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ បានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកស្នួល ដើម្បីសួរនាំកសាងសំណុំរឿង ទៅការិយាល័យជំនាញសួរនាំបន្ដ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab